(ប៊ែលហ្វាស)៖ អតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង លោក Billy Bingham ដែលបានដឹកនាំក្រុមឆ្ពោះទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ១៩៨២ និងឆ្នាំ១៩៨៦ នោះ បានស្លាប់ហើយក្នុងវ័យ ៩០ឆ្នាំ។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់អៀរឡង់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

លោក Bingham ក៏ធ្លាប់បានដឹកនាំក្លិប Everton និងក្រុមបាល់ទាត់ជម្រើសជាតិក្រិក ព្រមទាំងធ្លាប់ជាកីឡាករ ស្ថិតក្នុងក្រុមជម្រើសជាតិអៀរឡង់ខាងជើងទៀតផង។

លោកបានស៊ុតបាល់បញ្ចូលទី ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ហើយក៏បានលេងនៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥៨ នៅប្រទេសស៊ុយអែតផងដែរ។

សមាគមបាល់ទាត់អៀរឡង់ខាងជើង បានចាត់ទុកការសម្រេចបានរបស់លោក Billy Bingham ជាសមិទ្ធផលដ៏អស្ចារ្យ ក្នុងតួនាទីជាអ្នកចាត់ការមួយរូប៕