(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Meta Platform កំពុងតែផ្លាស់ប្តូរប្រធានផ្នែកមួយផ្សេងទៀតបន្ទាប់ពីការចាកចេញជាបន្តបន្ទាប់របស់ COO អ្នកស្រី Sheryl Sandberg និងប្រធាន AI លោក Jerome Pesenti ដែលបានប្រកាសនាពេលថ្មីៗនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

ប្រភពពី The Verge ផ្ទាល់បានឱ្យដឹងថា លោក David Mortenson ដែលជាអ្នកដឹកនាំផ្នែកវិស្វកម្មកំពូលរបស់ Meta ដែលទទួលខុសត្រូវទៅលើផ្នែក Data Centers និង Core Infrastructure កំពុងលាឈប់ពីតួនាទីរបស់គាត់។

យ៉ាងណាមិញអ្នកនាំពាក្យរបស់ Meta លោក Jon Carvill បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការចាកចេញនេះ លោក Santosh Janardhan ដែលជាអនុប្រធាន (VP) ផ្នែកវិស្វកម្មបច្ចុប្បន្ននឹងចូលកាន់តំណែងជំនួសនៅចុងខែនេះ។

បើយោងតាមគេហទំព័ររបស់ Meta បានចេញផ្សាយពីតួនាទីរបស់ Mortenson ក្នុងនោះលោកជាក៏អ្នកត្រួតពិនិត្យ «ក្រុមដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ ក៏ដូចប្រតិបត្តិការផ្នែក Hardware, Software, Network រួមទាំង Data Centers »ផងដែរ ដែលសេវាកម្ម Meta ទាំងអស់ដំណើរការលើ។ ខណៈដែលគាត់បានធ្វើការនៅ Meta អស់រយៈពេល ១១ឆ្នាំក្នុងតួនាទីជាអ្នកដឹកនាំផ្នែកវិស្វកម្មផ្សេងៗទៀត ហើយគាត់បានចូលកាន់តំណែងជាអ្នកដឹកនាំវិស្វកម្មដ៏កំពូលនេះប្រហែល ២ឆ្នាំមុន។

តែយ៉ាងណាមិញចំពោះការលាឈប់ពីតំណែងនេះ Mortenson ក៏បានបញ្ជាក់ដែរថា «គាត់មិនបានចាកចេញពី Meta នោះទេ គាត់គ្រាន់តែឈប់សម្រាកមួយរយៈប៉ុណ្ណោះ » ហើយថែមទាំងបញ្ជាក់ក្នុងកំណត់ហេតុថា «ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងដឹងថាអ្វីបន្ទាប់ដែលខ្ញុំនឹងត្រូវធ្វើបន្ត»