(វ៉ារស្សាវ៉ា)៖ អតីតម្ចាស់ជើងឯកតេន្នីស French Open កីឡាការិនី Iga Swiatek នឹងខកខានការប្រកួតនៅឯព្រឹត្តិការណ៍ Berlin Open WTA 500 នាសប្តាហ៍ក្រោយ ដោយសារតែមានបញ្ហាស្មា ប៉ុន្តែកីឡាការិនីលំដាប់លេខ១ ពិភពលោកនេះបានលើកឡើងនៅថ្ងៃសុក្រថា នាងសង្ឃឹមយ៉ាងពេញលេញថា នឹងអាចចូលរួមប្រកួតនៅព្រឹត្តិការណ៍ Wimbledon ដែលនឹងចាប់ផ្តើមនៅចុងខែនេះវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

Swiatek សញ្ជាតិប៉ូឡូញ បានយកឈ្នះលើកីឡាការិនីអាមេរិក Coco Gauff ក្នុងលទ្ធផល ៦-១ និង ៦-៣ នៅវគ្គផ្តាច់ព្រ័ត្រនាទីលាន Roland Garros កាលពីសប្តាហ៍មុនឈានទៅឈ្នះពានរង្វាន់ក្នុងកម្រិត Grand Slam ជាលើកទី២ របស់នាង បន្ទាប់ពីដណ្តើមបានពានរង្វាន់មួយលើករួចមកហើយ នៅទីក្រុង Paris កាលពីឆ្នាំ២០២០។

Swiatek ដែលបានឡើងទៅកាន់លំដាប់ទី១ នៅលើពិភពលោក នៅពេលដែលកីឡាការិនីសញ្ជាតិអូស្ត្រាលី Ash Barty បានប្រកាសចូលនិវត្តន៍កាលពីខែមីនា។

សូមជម្រាបថា ព្រឹត្តិការណ៍ Berlin Open នឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕