(ភ្នំពេញ)៖ ណាហ្គាវើលដ៍ បានផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ស្មើនឹងទឹកប្រាក់សរុប៨៨,០០០ដុល្លារ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ឧបត្ថម្ភ «ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស» ជាមួយគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ខណៈកាលពីស៊ីហ្គេមឆ្នាំ២០១៩ ណាហ្គាវើលដ៍ បានឧបត្ថម្ភដល់អត្តពលិកមេដាយមាសសរុប ៣៦,០០០ដុល្លារ។

ប្រទេសកម្ពុជា បានឈ្នះមេដាយច្រើនបំផុតបំបែកឯតទគ្គកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្នុងពេលថ្មីៗនេះ ដោយរកបានមេដាយមាស ៩គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធិ៤១គ្រឿង ដែលសរុបស្មើនឹងមេដាយ៦៣គ្រឿង។

កាលពីស៊ីហ្គេមលើកទី៣០ ក្នុងឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស ៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធិ៣៦គ្រឿង រីឯស៊ីហ្គេមលើកទី៣១ អត្តពលិកកម្ពុជា បានឈ្នះមេដាយមាស៩គ្រឿង ក្នុងវិញ្ញាសា ឃីកបុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ប៉េតង់វាយគូចម្រុះបុរសនារី២នាក់ទល់២នាក់ ប៉េតង់៣នាក់ទល់៣នាក់នារី តៃក្វាន់ដូប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម វ៉ូវីណាមសម្តែងការពារខ្លួន ចម្រុះនារី១ បុរស៣មានអាវុធ វ៉ូវីណាមបុរសប្រភេទទម្ងន់៦៥គីឡូក្រាម វ៉ូវីណាមសម្តែងជាក្រុមការពារខ្លួនកាំបិតធំបុរស២នាក់ ចំបាប់បុរសប្រភេទទម្ងន់១២៥គីឡូក្រាម និងប្រដាល់គុនខ្មែរទម្ងន់៦៣,៥គីឡូក្រាម។

ពិធីប្រគល់រង្វាន់នេះ មានការចូលរួមពីគណៈអធិបតី លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

បណ្ឌិត ថោង ខុន បានថ្លែងថា «យើងខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំង នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនៅឆ្នាំក្រោយ។ មេដាយមាសកាលពីពេលថ្មីៗ របស់អត្តពលិករបស់យើង បានផ្តល់ជំនឿចិត្តថា ក្រុមកីឡារបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្ថិតនៅក្នុងគន្លងមួយដ៏ត្រឹមត្រូវឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ដែលបាន និងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្ររហូតដល់យើង ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ជាច្រើន នៅក្នុងការប្រកួតលើឆាកអន្តរជាតិ»

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ «ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស» ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយមកដល់បច្ចុប្បន្នមានរយៈពេល១០ឆ្នាំ។

ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍ នឹងផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសឯកត្តជនចំនួន ៦,០០០ដុល្លារ, អត្តពលិកមេដាយមាសក្រុម ១០,០០០ដុល្លារ រីឯគ្រូបង្វឹកទទួលបាន ១,០០០ដុល្លារ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបាន ១,០០០ដុល្លារ សម្រាប់មេដាយមាសដែលអត្តពលិកបានឈ្នះ។

គួរដឹងផងដែរថា ណាហ្គាវើលដ៍ នឹងបន្តគាំទ្រដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា ដោយមានកម្មវិធីសហគមន៍ជាច្រើន ផ្តួចផ្តើមឡើងដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។

ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភដោយផ្ទាល់ដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជាច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើនគុណភាពនៃការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ ឲ្យកាន់តែខ្លាំងមួយកម្រិតទៀត ដល់អត្តពលិករបស់កម្ពុជា៕