(ភ្នំពេញ)៖ គម្រោង «The Garden Residency 2» ដែលមានកំពស់ ៣១ជាន់ សរុប៣៣៩ យូនីត, រួមមានចំណតរថយន្តស្វ័យប្រវត្តិ, ក្លិបហាត់ប្រាណ, សួនច្បារលើអាកាស, អាងហែលទឹកចំនួន២ និង មានរោងភាគយន្តឯកជន ដែលស្ថិតនៅជាន់ខាងលើបំផុតនៃអគារនោះ បានរៀបចំពិធីអបអរសាទរ បញ្ចប់ការសាងសង់គ្រោងអគារទាំងមូល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកឧកញ៉ា លោក លោកស្រី ជាដៃគូពាណិជ្ជកម្ម, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអតិថិជនជាច្រើននាក់។

លោកឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាលនៃ JS Land PLC បានថ្លែងឲ្យដឹងថា បេសកកម្មចម្បងរបស់ JS Land PLC មិនមែនគ្រាន់តែសាងសង់លំនៅដ្ឋាន សម្រាប់បំពេញនូវតម្រូវការរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគោលបំណងជាមូលដ្ឋានរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាគ្រប់អចលនទ្រព្យ ដែលអតិថិជនបានទិញ គឺនឹងមានតម្លៃកើនឡើង និងផលចំណេញយ៉ាងពិតប្រាកដ។ ទឡ្ហីករណ៍នេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងគម្រោងទី១ របស់យើង ជាមួយនឹងគេហដ្ឋានបន្ទប់គេង១ នៃគម្រោង The Garden Residency 1 តម្លៃបើកលក់ដំបូង គឺត្រឹមតែ ៣២,០០០ដុល្លារប៉ុណ្ណោះ ហើយឥឡូវនេះតម្លៃពិតប្រាក តាមរយៈការទទួលបានការវាយតម្លៃពីធនាគារ គឺមានតម្លៃរហូតដល់ជិត ៦០,០០០ដុល្លាឯណោះ។ អគារដែលយើងទាំងអស់គ្នាកំពុងស្ថិតនៅនេះ គឺជាអគារ The Garden Residency 2 ដែលមានតម្លៃបើកលក់ដំបូងត្រឹមតែ ១,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ហើយឥឡូវនេះតម្លៃលក់ជាមធ្យមរបស់យើង គឺប្រហែល ២,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះអាចបញ្ជាក់ថា អតិថិជនដែលបានទិញគម្រោងយើង ពិតជាមានការចំណេញមួយដែលហួសពីការរំពឹងទុក។

ប្រធានក្រុមប្រឹក្សាភិបាលនៃ JS Land PLC រូបនេះ បានបន្តទៀតថា ដូចអ្វីដែលយើងបានឃើញនាពេលនេះ ទីតាំងរបស់យើង គឺស្ថិតនៅយ៉ាងជិតបង្កើយនឹងផ្សារម៉ាក្រូ global house, chip mong sen sok mall, design village, និងផ្សារទំនើបអ៊ីអន២ ក៏ដូចជាមន្ទីរ និងសាលារៀនអន្តរជាតិជាច្រើនទៀត។ លោកពិតជាជឿជាក់ថា ម្ចាស់គេហដ្ឋានទាំងអស់នៃគម្រោងនេះ នឹងពេញចិត្តនូវអ្វីដែលពួកគាត់បានទិញ ជាមួយ និងការរស់នៅក្នុងទីតាំងដ៏ងាយស្រួលនេះ ព្រោះអ្នកប្រើពេលយ៉ាងច្រើន ៥នាទីប៉ុណ្ណោះ សម្រាប់ធ្វើដំណើរទៅកាន់ទីតាំងដ៏ទាក់ទាញទាំងអស់ និងបរិក្ខាចំបាច់នានា ដែលតំបន់សែនសុខមាន។

ថ្ងៃនេះអាចត្រូវបានកំណត់ថា ជាព្រឹត្តិការណ៍ថ្មីអស្ចារ្យមួយទៀតសម្រាប់ JS Land ដែលអាចបញ្ចប់ការសាងសង់គ្រោងអគារ The Garden Residency 2 ជាស្ថាពរមុនកាលព្រៀងទុក បើទោះបីជាយើងបានចាប់ផ្តើមគម្រោងក្នុងអំឡុងពេល ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកក៏សូមថ្លែងអំណរគុណដល់អ្នកម៉ៅការធំរបស់ខ្លួន គឺក្រុមហ៊ុន Sinodydro សម្រាប់ការប្ដេជ្ញាចិត្ត ដែលពួកគាត់បានដាក់ចេញ និងអាចបញ្ចប់គម្រោងដ៏ធំអស្ចារ្យនេះយ៉ាងលឿនមុនពេលកំណត់។

លោកឧកញ៉ា កូយ ឡេសាន ថ្លែងថា «ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់របស់យើង ដែលជឿទុកចិត្តលើ JS Land PLC និងសូមធានាថា យើងខ្ញុំនឹងប្រគល់ជូនគេហដ្ឋានក្នុងក្ដីសុបិន្តរបស់អ្នក ឲ្យទាន់ពេលវេលាដែលបានសន្យា ឬអាចលឿនជាងនេះក៏ថាបាន។ បន្តទៅនេះ ខ្ញុំក៏សូមសម្ដែងនូវកិច្ចថ្លែងអំណរគុណដល់ធនាគារដៃគូរបស់យើង ជាពិសេសធនាគារ RHB សម្រាប់ការជឿទុកចិត្តមកលើ JS Land PLC និងអនុម័តឥណទានសាងសង់ដល់យើងខ្ញុំ។ យើងខ្ញុំពិតជាមានការពេញចិត្តយ៉ាងខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍមួយដ៏កម្រ ដែលទទួលបានឥណទានសាងសង់យ៉ាងពេញលេញពីធនាគារ»។

ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដំបូងគេ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនតែងតែខិតខំបំពេញបេសកកម្មរបស់យើង ដែលបន្តការសាងសង់គេហដ្ឋាន ដែលអាចបំពេញបាននូវសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា, យើងនឹងបន្តផ្ដល់ជូននូវគេហដ្ឋាន ក្នុងក្ដីសុបិន្តរបស់អ្នកជាមួយតម្លៃសមរម្យបំផុត ហើយកាន់តែសំខាន់ជាងនេះទៅទៀត យើងនៅតែបន្តធ្វើឲ្យប្រាកដថា អចលនទ្រព្យដែលអ្នកបានទិញ នឹងបន្តកើនតម្លៃរបស់វាជានិរន្តន៍។

លោកឧកញ៉ាបានរំឭកថា ក្រុមហ៊ុន JS LAND PLC បានក្លាយខ្លួនជាក្រុមហ៊ុនសាធារណៈ ក្រោយពីបានចុះបញ្ចីក្នុងទីផ្សារមូលបត្រកម្ពុជា នៅក្នុងខែកុម្ភះកន្លងទៅនេះ ដោយមួយហ៊ុនក្នុងតម្លៃ១៩៧០រៀលតែប៉ុណ្ណោះ ហើយ កាលពីម្សិលមិញនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានបិទនៅតម្លៃ ៤៧០០រៀលក្នុងមួយហ៊ុន ដូច្នេះសម្រាប់អ្នកដែលបានវិនិយោគជាមួយក្រុមហ៊ុន កាលពីពេលចុះបញ្ជី IPO ដំបូងនេះ អ្នកនឹងឃើញថា ទឹកប្រាក់របស់អ្នកនឹងឡើងទ្វេរគុណមិនខាន បើធៀបទៅនឹងប្រាក់ដើមដែលអ្នកបានវិនិយោគកន្លងមក៕