(ភ្នំពេញ)៖ Meta ដែលជាក្រុមហ៊ុនធំរបស់ Facebook បានរៀបចំព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាននៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តោតលើអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដោយបានប្រមូលផ្តុំសិល្បករ វិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ «“ប្រូហ្វាលអ្នក ផ្ទះអ្នក» និងជាពិសេសដើម្បី”លុបបំបាត់ការយល់ខុសជាទូទៅដែលធ្លាប់មកចំពោះ Facebook។

ព្រឹត្តិការណ៍ដែលបើកដំណើរការជាសាធារណៈខាងលើនេះ ប្រព្រឹត្តទៅរយ:ពេល ០៣ថ្ងៃ បានចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រទី១០ ខែមិថុនា ដល់ម៉ោង ៦ល្ងាចថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅអគារ The Factory Phnom Penh អគារលេខ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងអំឡុងពេលបើកដំណើរការកម្មវិធីជាផ្លូវការ វិចិត្រករពីររូប គឺលោក FONKI និងលោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍អំពីសិល្បៈរបស់ខ្លួន ដែលបង្ហាញថាតើឯកជនភាព និងសុវត្ថិភាពមានន័យដូចម្តេចចំពោះពួកគេ ដូចដែលត្រូវបានបង្ហាញជូននៅក្នុង គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។

គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេ តាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” (គ្មានការលាក់បាំង)។

អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរ ដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន ដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងប្រទេស ដែលបានជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញ ហើយថែមទាំងនិយាយអំពីបទពិសោធ និងចំណូលចិត្តរបស់ពួកគេផ្ទាល់ទាក់ទងនឹងឯកជនភាព។ អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីនេះតាមរយៈវីដេអូខលពីប្រទេសសិង្ហបុរី។

អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព”។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាសនេះពន្យល់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ចំពោះការក្លាយជាភ្លែតហ្វមដែលផ្តោតលើឯកជនភាព ដោយឯកជនភាពមានសារៈសំខាន់ចំពោះរបៀប ដែលគំរូអាជីវកម្មរបស់ក្រុមហ៊ុន Meta ដំណើរការ។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានចូលរួមឆ្លើយសំណួរដ៏រីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសជុំវិញ Facebook ផងដែរ។

លោក ហេង ភក្តី បញ្ជាក់ថា “ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជានិងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Metaក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ”។

ព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះអ្នក” បើកចំហឱ្យមានការចូលរួមជាសាធារណៈដោយសេរីចាប់ពីម៉ោង ១ រសៀលនៅថ្ងៃសុក្រ ទី១០ ខែមិថុនា នៅថ្ងៃសៅរ៍ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមាននៅព្រឹត្តិការណ៍នេះចាប់ពីម៉ោង ១០ព្រឹកដល់ ១២ថ្ងៃត្រង់ និងពីម៉ោង ២រសៀលដល់ម៉ោង ៥ ល្ងាចនៅថ្ងៃទាំងនោះ។

ព្រឹត្តិការណ៍នេះ មានគោលដៅលុបបំបាត់ការយល់ខុសជាទូទៅចំនួន ៥ អំពីឯកជនភាពនៅលើ Facebook។

ការយល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួចយកការណ៍ពីការសន្ទនារបស់ខ្ញុំ។

ក្រុមហ៊ុន Meta បានប្រញាប់ប្រញាល់លុបបំបាត់ការយល់ខុសនេះ ដោយលើកឡើងថា Facebook នឹងមិនប្រើមីក្រូហ្វូននៅលើទូរស័ព្ទ ដើម្បីលួចស្តាប់ការសន្ទនាក្នុងជីវិតពិតរបស់អ្នកប្រើប្រាស់ទេ។

ការយល់ខុសទី២៖ ខ្ញុំមិនអាចកំណត់ថាតើអ្នកណាមើលឃើញមាតិកាដែលខ្ញុំចែករំលែកនៅលើ Facebook និង Instagram បានទេ។

ការយល់ខុសទី៣៖ ខ្ញុំមិនមានលទ្ធភាពការពារខ្លួនឯងពីក្រុមវាយប្រហារតាមអ៊ីនធឺណិត (Hacker) បានទេ។

ការយល់ខុសទី៤៖ ខ្ញុំមិនធ្លាប់មានសុវត្ថិភាពពីការបោកប្រាស់តាមអ៊ីនធឺណិតឡើយ។

ប្រសិនបើអ្នកទទួលបានសារ ឬតំណភ្ជាប់ដែលគួរឱ្យសង្ស័យដូចជា ការផ្ញើសារមកសុំលុយ ការនិយាយថាពួកគេចង់ផ្តល់អំណោយ ឬការគំរាមលុបឬបិទគណនី Facebook ឬ Instagram របស់អ្នក កុំងាយជឿគេពេក ឬកុំចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ ដើម្បីជៀសវាងការធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកបន្លំ។ ប្រសិនបើអ្នកគិតថាអ៊ីមែល ឬសារណាមួយមើលទៅរាងចម្លែក សូមរាយការណ៍វា។

ការយល់ខុសទី៥៖ Newsfeed របស់ខ្ញុំត្រូវបានគ្រប់គ្រងដោយសម្ងាត់ដោយក្រុមហ៊ុន Meta។ News Feeds មិនត្រូវបានគ្រប់គ្រង ឬកំណត់ចំនួនមិត្តភក្តិជាក់លាក់នោះទេ។

អនុសាសន៍អំពីឧបករណ៍ឯកជនភាពចំនួន៥ ដែលអ្នករាល់គ្នាគួរដឹង៖

១. ពិនិត្យមើលឯកជនភាព (Privacy Checkup)៖ តាមរយៈការពិនិត្យមើលឯកជនភាព អ្នកប្រើប្រាស់អាចគ្រប់គ្រងថាតើអ្នកណាដែលអាចមើលឃើញអ្វីដែលពួកគេចែករំលែក ចាត់វិធានការដើម្បីរក្សាគណនីរបស់ពួកគេឱ្យមានសុវត្ថិភាព គ្រប់គ្រងរបៀបដែលអ្នកដទៃអាចស្វែងរកពួកគេនៅលើ Facebook និងគ្រប់គ្រងការកំណត់ទិន្នន័យរបស់ពួកគេ។

២. ផ្លូវកាត់ចូលទៅកាន់ឯកជនភាព (Privacy Shortcuts)៖ នេះគឺជាទីកន្លែងមួយដើម្បីងាយស្រួលចូលទៅកាន់មុខងារគ្រប់គ្រងឯកជនភាព សុវត្ថិភាព និងការផ្សាយពាណិជ្ជកម្មរបស់អ្នក ក៏ដូចជាព័ត៌មាន Facebook របស់អ្នក។ វាផ្តល់ការពន្យល់កាន់តែច្បាស់អំពីរបៀបដែលឧបករណ៍ទាំងនេះ និងសេវាកម្មរបស់យើងដំណើរការ និងការចូលរហ័សទៅកាន់ការគ្រប់គ្រងដែលស៊ីគ្នា។

៣. គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍គ្រប់គ្រងសកម្មភាពរបស់យើងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើល និងគ្រប់គ្រងការបង្ហោះរបស់ពួកគេក្នុងចំនួនច្រើន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរៀបចំវត្តមានរបស់អ្នកនៅលើ Facebook ។

៤. ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថា តើអ្នកណានឹងមើលឃើញការបង្ហោះ ដែលពួកគេចែករំលែកនៅលើ Facebook ។

៥. តើអ្នកណាអាចរកមើលខ្ញុំ ? (Who can look me up?)៖ គ្រប់គ្រងថាតើអ្នកណាអាចស្វែងរកអ្នកនៅលើ Facebook ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក៕