(អាមេរិក)៖ តារាល្បីក្នុងវិស័យហូលីវូដ ដែលទើបតែឈ្នះក្តីពីបទបរិហារកេរ្តិ៍ប្រឆាំងនឹងអតីតភរិយា លោក Johnny Depp ត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាពទ្វេដងក្នុងវិស័យសិល្បៈ ខណៈនាខែក្រោយនេះ រូបលោក និងអ្នកលេងហ្គីតាល្បីឈ្មោះរបស់អង់គ្លេស Jeff Beck នឹងចាប់ដៃគ្នាបញ្ចេញអាល់ប៊ុមចម្រៀងថ្មី បន្ទាប់ពីអ្នកទាំងពីរ ធ្លាប់ឡើងឆាកជាមួយគ្នាច្រើនលើក។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន International the News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា អាល់ប៊ុមថ្មី ដែលគ្រោងបញ្ចេញនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ មានឈ្មោះថា «18» មានបទចម្រៀងចំនួន១៣បទ។ តួអង្គចោរសមុទ្រក្នុងរឿង «Pirates of the Caribbean» រូបនេះបានសម្តែងជាមួយ Beck នៅកន្លែងជាច្រើន ក្នុងចក្រភពអង់គ្លេសក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

អ្នកលេងហ្គីតាជនជាតិអង់គ្លេស លោក Beck បានប្រាប់ Reuters នៅថ្ងៃសុក្រនេះថា ពួកគេបានចាប់ផ្តើមធ្វើការដំបូង លើអាល់ប៊ុមនៅផ្ទះរបស់ Depp ក្នុងប្រទេសបារាំង។ Depp និង Beck បានថតតន្ត្រីជាមួយគ្នា តាំងពីឆ្នាំ២០១៩ សម្រាប់អាល់ប៊ុមនេះ ដែលមានបទចម្រៀង Original Song ពីរបទរបស់ Depp ដែលមានក្រុមតន្ត្រី Hollywood Vampires ផ្ទាល់ខ្លួន។

គួរជម្រាបថា តារាហូលូវីដ Johnny Depp ត្រូវបានគេមើលឃើញថា ប្រជាប្រិយភាពរបស់លោកក្នុងវិស័យសិល្បៈ គឺនៅតែទទួលការគាំទ្រខ្លាំង បើទោះបីជាមានរឿងក្តីឡើងតុលាការ ជាមួយអតីតភិរយា ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្តាញសង្គមក៏ដោយ៕