(ភ្នំពេញ)៖ ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប (DAUN PENH CAMBODIA GROUP) បានរៀបចំពិធីអបអរសាទរការតែងតាំង លោក អ៉ឹង ស៉ីវម៉េង ជាអគ្គនាយកក្រុមហ៊ុនថ្មី។

ការតែងតាំងនេះធ្វើឡើងក្រោមការអញ្ជើញចូលរួមដោយលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន និងលោកស្រី ហេង សុខា ព្រមទាំងក្រុមគ្រួសារ ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំនិងនិយោជិកក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សរុបជាង៤០០នាក់ នៅសណ្ឋាគារ សូហ្វីតែល។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានបញ្ជាក់ថា ពេលនេះជាពេលវេលាដ៏សក្កិសមបំផុត ក្នុងការផ្ដល់ឱកាសបន្តវេនទៅលោក អ៉ឹង ស៉ីវម៉េង ជាកូនប្រុសច្បង ដើម្បីបន្តដឹកនាំក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនទៅមុខ ដោយលោកបានធ្វើការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់បំផុតឈរលើហេតុផលធំៗចំនួន៥៖

ទី១៖ ជាតម្រូវការចាំបាច់របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន។

ទី២៖ លោក អ៉ឹង ស៉ីវម៉េង មានចំណេះដឹងគ្រប់គ្រាន់ដោយបានបញ្ចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅចក្រភពអង់គ្លេស។

ទី៣៖ លោកមានបទពិសោធន៍ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅចក្រភពអង់គ្លេស ហើយនៅបន្តជាម្ចាស់ភាគហ៊ុនរហូតដល់បច្ចុប្បន្ន។

ទី៤៖ លោកមានទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ ដឹកនាំដោយមានយុទ្ធសាស្ត្រច្បាស់លាស់តាមបែបឌីជីថល។

ទី៥៖ លោកមានភាពជាអ្នកដឹកនាំ មានអត្តចរិកល្អ ផ្ដល់ជាគំរូ ស្ដាប់ហេតុផល និងបានគិតគូរដល់មនុស្សជំវិញខ្លួន ជាពិសេសបុគ្គលិកក្រោមឱវាទ និងតែងគិតគូរការជួយត្រឡប់ទៅវិញដល់សង្គមជាតិ។

ក្រោមការដឹកនាំរបស់លោក អ៉ឹង ស៉ីវម៉េង លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងមានការរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបន្តពង្រឹងភាពជាដៃគូរ បង្កើត និងបង្កើនទំនាក់ទំនងថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ នៅបន្តដឹកនាំក្រុមហ៊ុនក្នុងមុខតំណែង ជាប្រធានអគ្គនាយកក្រុមហ៊ុន ហើយការផ្តល់ជូនភារកិច្ចដឹកនាំចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃទៅកូនប្រុសច្បង លោក អ៉ឹង ស៉ីវម៉េង ជាអគ្គនាយកក្រុមហ៊ុននឹងផ្តល់នូវពេលវេលាច្រើនជាងមុនជូនឧកញ៉ាសម្រាប់កិច្ចការសប្បុរសធម៌ ដែលលោកកំពុងយកចិត្តទុកដាក់ នៅក្នុងមូលនិធិ ING Foundation។

លោក អ៉ឹង ស៉ីវម៉េង បានថ្លែងថា នេះជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់ខ្លួន ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ដែលតួនាទីជាអគ្គនាយកក្រុមហ៊ុន ស្ថិតក្រោមការគ្រប់គ្រងយកចិត្តទុកដាក់ខ្ពស់របស់លោកឪពុក ដែលជាស្ថាបនិក និងជាអគ្គនាយក អស់រយៈពេលជាងមួយទស្សវត្សមកហើយ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលគាត់បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការផ្ទេរតួនាទីដ៏សំខាន់មួយនេះដល់រូបលោក។

លោកបន្តថា រយៈពេល២ឆ្នាំចុងក្រោយនេះ ក្នុងតួនាទីជាអគ្គនាយករងក្រុមហ៊ុន ខ្លួនទទួលបានការណែនាំជាច្រើន និងបានស្វែងយល់បន្ថែមនូវដំណើរការអាជីវកម្ម និងការទំនាក់ទំនង ជាមួយភាគីពាក់ព័ន្ធទាំងផ្នែកឯកជន និយ័តករ និងស្ថាប័នជំនាញរបស់ផ្នែកសាធារណៈជាដើម។

លោកបានធ្វើការប្តេជ្ញាចិត្តទទួលយកតួនាទីថ្មីនេះ ប្រកបដោយទំនុកចិត្តខ្ពស់ និងការទំនួលខុសត្រូវ ដើម្បីបន្តដឹកនាំក្រុមហ៊ុនវិវឌ្ឍន៍ទៅជាក្រុមហ៊ុនដ៏រឹងមាំ វិបុលភាព និង នាំមកនូវកិត្តិយសសម្រាប់អ្នកទាំងអស់គ្នា។

លោកបន្តថា លោកមានទិសដៅច្បាស់លាស់ នឹងដាក់ចេញ នូវយុទ្ធសាស្ត្រ និងគោលការណ៍សំខាន់ៗ ដើម្បីជាកាតាលីករសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដោយបើកទ្វារថ្មីមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយុវជនជំនាន់ក្រោយនាពេលអនាគតផងដែរ៕