(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានលើកទឹកចិត្ត និងគាំទ្រការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ (International Business Management) ព្រោះជាមុខជំនាញសិក្សាលក្ខណៈអន្ដរជាតិមួយ ដែលមានទីផ្សារការងារទូលទំលាយ ក្រោយបញ្ចប់ការសិក្សា។

ក្នុងឱកាសឡើងការពារនិក្ខេបបទឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក ឌុច សុខហេង បានលើកឡើងថា បន្ទាប់ពីសិក្សា ៤ឆ្នាំ ពោលគឺស្ទើរតែបញ្ចប់ការសិក្សាជាស្ថាពរនៅពេលនេះ ខ្លួនបានមើលឃើញអត្ថប្រយោជន៍ជាច្រើនពីការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិមួយនេះ។

តាមរយៈនេះ និស្សិតខាងលើ បានលើកទឹកចិត្តឲ្យសិស្សប្អូនជំនាន់ក្រោយ ដែលចាប់អារម្មណ៍លើមុខជំនាញនេះ ធ្វើការសិក្សា ទាំងការសិក្សាក្នុង និងក្រៅស្រុក ពិសេសក្នុងឱកាសសិក្សាកម្មវិធី ១+៣ នៃជំនាញគ្រប់គ្រងពាណិជ្ជកម្ម ដែលជាការសិក្សា ១ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបន្ដការសិក្សា ៣ឆ្នាំ នៅសាកលវិទ្យាល័យ Angelo State University នៅរដ្ឋ Texas សហរដ្ឋអាមេរិក។

សុខហេង និយាយថា «ខ្ញុំសូមលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ដែលជាជំនាន់ទី៦ ឬតទៅមុខទៀត នៃផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិរបស់យើង គឺលើកទឹកចិត្តឲ្យគាត់រៀនជំនាញនេះ ហើយបើមានលទ្ធភាព គាត់អាចសិក្សាកម្មវិធី ១+៣ (គ្រប់គ្រងពាណិជ្ជកម្ម) មានន័យថា រៀននៅសាលាភូមិន្ទភ្នំពេញ ១ឆ្នាំ និងសិក្សានៅអាមេរិក ៣ឆ្នាំក៏បាន ឬក៏សិស្សដែលពុំមានលទ្ធភាព ក៏គាត់អាចជ្រើសរើសការសិក្សាក្នុងស្រុកបានដែរ»

«ការសិក្សាក្នុងស្រុក ដ្បិតមិនសូវទូលំទូលាយដូចការសិក្សាក្រៅប្រទេស តែក៏មានការទទួលស្គាល់ និងមានឱកាសការងារច្រើនដែរ។ អ៊ីចឹងសម្រាប់អ្នកខ្វះខាត ឬជីវភាពមានកម្រិត គាត់អាចសិក្សានៅក្នុងស្រុក (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) គាត់នឹងទទួលបានផ្លែផ្កាដូចគ្នា ឧទាហរណ៍ ខ្ញុំឈានមកដល់កម្រិតនេះ ដែលស្ទើរតែបញ្ចប់ការសិក្សាហើយ ក៏ខ្ញុំគិតថា ការសិក្សាមួយនេះ ពិតជាល្អសម្រាប់ខ្ញុំ ។ សម្រាប់ទីផ្សារការងារវិញ គឺទូលំទូលាយមែនទែន សម្រាប់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិមួយនេះ»។

ដោយឡែកលោកបណ្ឌិត ភូ សម្បត្តិ ប្រធានដេប៉ាតឺម៉ង់ IBM នៃសាលា RUPP បានលើកឡើងថា បច្ចុប្បន្នសាលាមានរហូតដល់ ៣៧ជំនាញ ហើយគ្រប់មុខជំនាញ សុទ្ធតែត្រូវបានយកចិត្តទុកដាក់ និងពង្រឹងគុណភាពនិស្សិត ។ ក្នុងនោះមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ បន្ទាប់ពីសាលាបានបើកដំណើរឡើងវិញ នៅឆ្នាំ២០១៤ គឺបានទទួលការគាំទ្រខ្លាំងពីអាណាព្យាបាល ក៏ដូចជាសិស្ស-និស្សិតផ្ទាល់ ដែលរហូតមកដល់ឆ្នាំ២០២២ នេះ ជាមធ្យមក្នុងមួយឆ្នាំសាលាទទួលបានសិស្សចន្លោះពី ៥០០ ទៅ ៨០០នាក់ឯណោះ។

ទន្ទឹមជាមួយគ្នា ដើម្បីជំរុញមុខជំនាញមួយនេះ និងផ្ដល់នូវជម្រើសច្រើនសម្រាប់និស្សិត ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សាលាក៏បានបង្កើតឲ្យមានកម្មវិធីសិក្សា ១+៣ នៃជំនាញគ្រប់គ្រងពាណិជ្ជកម្ម ខាងលើ។ លោកថា «គោលបំណងនៃការបង្កើតឲ្យមានជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិនេះ គឺដើម្បីបណ្ដុះបណ្ដាលនិស្សិតឲ្យមានជំនាញសហគ្រិនភាព គ្រប់គ្រងពាណិជ្ជកម្ម ហើយអាចក្លាយជាអ្នកដឹកនាំជំនួញ ឬអាចធ្វើការក្នុងវិស័យពាណិជ្ជកម្មនេះឯង ។ ជាលទ្ធផល ក្រោយបញ្ចប់ការសិក្សា និស្សិត មិនត្រឹមតែមានក្រុមហ៊ុនធំៗ រង់ចាំទទួលធ្វើការនោះទេ ពួកគេក៏អាចបន្ដការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិត នៅក្រៅប្រទេសបន្ដទៀតផងដែរ»

អធ្យាស្រ័យហេតុនេះ សម្រាប់មាតាបិតា ឬសិស្សផ្ទាល់ ដែលមានបំណង ក៏ដូចជាចាប់អារម្មណ៍លើជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ ឬចង់បន្ដការសិក្សាកម្មវិធី ១+៣ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក គឺអាចទាក់ទងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសិក្សា និងសាកសួរព័ត៌មានបាន។ សម្រាប់សិស្សិចង់រៀនជំនាញនេះ នៅសាលា RUPP ក៏អាចសាកសួរព័ត៌មាននៅសាលាបានដែរ ដែលការទទួលចុះឈ្មោះ ធ្វើឡើងរៀងរាល់ឆ្នាំ ក្រោយបញ្ចប់ការប្រឡងបាក់ឌុប។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ភូ សម្បត្តិ។

សម្រាប់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ សូមទំនាក់ទំនងទូរស័ព្ទលេខ 061 822 559, 012967575, 078666779 និងកម្មវិធីសិក្សា ១+៣ សូមទំនាក់ទំនងទូរស័ព្ទលេខ 015890434, 078666779 ឬតាមរយៈអ៊ីម៉ែល [email protected]