(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយសមាគមអ្នកច្បាប់មួយចំនួននៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំផ្នែកច្បាប់ជូននិស្សិតរបស់ខ្លួន។

ពិធីចុះអនុស្សារណៈយោគយល់នេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។ សមាគមដែលបានចុះអនុស្សារណៈយោគយល់នេះរួមមាន៖ សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, ការិយាល័យមេធាវី MENG & ASSOCIATES LAW OFFICE, ការិយាល័យមេធាវី អេសភីខ្មែរឡេហ្គាល, ក្រុមមេធាវីជូរីសថោវើ និងក្រុមមេធាវីដឺហ្វ្លេក។

មតិស្វាគមន៍នៅក្នុងពិធីនោះ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានលើកឡើងថា ក្នុងបេសកកម្មអប់រំរយៈពេលជាង២០ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងគោលបំណងសម្រេចឲ្យបាននូវការកសាងមូលធនបញ្ញាប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អប្រពៃសម្រាប់និស្សិតរបស់ខ្លួន។

លោកបន្តថា សាកលវិទ្យាល័យ CUS បានដាក់ចេញនូវទិសដៅអាទិភាពការងាររបស់ខ្លួនគឺ៖ «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» ដោយឈរលើមូលដ្ឋាននេះ ធ្វើឲ្យសាកលវិទ្យាល័យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកបណ្ឌិត មាស បូរ៉ា ក៏បានបញ្ជាក់ផងដែរថា កន្លងមកសាកលវិទ្យាល័យបានចុះអនុស្សរណៈ ជាមួយស្ថាប័ននានាក្នុងស្រុកជិត ៥០០ក្រុមហ៊ុន/ស្ថាប័ន និងសាកលវិទ្យាល័យ វិទ្យាស្ថានក្រៅស្រុក ជាច្រើនដូចជា ប្រទេសកូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស បង់ក្លាដែស អ៊ីស្រាអែល វៀតណាម និងបណ្តាប្រទេសនានាមួយចំនួនទៀត។

លោកសាកលវិទ្យាធិការ បានលើកឡើងថា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការនេះ និស្សិតអាចធ្វើកម្មសិក្សាបាន ហើយកម្មសិក្សាសំខាន់ណាស់ វាបានជួយឱ្យនិស្សិតមានភាពទាក់ទងក្នុងការងារ ផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បន្ថែមពីលើនេះ និស្សិតចូលរួមក្នុងកម្មសិក្សា នឹងទទួលបាននូវជំនាញបន្ថែម ដូចជា ការងារជាក្រុម ជំនាញទំនាក់ទំនង ពង្រឹងជំនាញបន្ថែម ដែលជំនាញខ្លះមិនមានបង្រៀននៅសាកលវិទ្យាល័យទេ ឧទាហរណ៍ កម្មសិក្សានាំឱ្យមានបទពិសោធន៍ការងារ និងជំនាញដែលនឹងជួយឱ្យនិស្សិត ទទួលបានការងារក្រោយពេលបញ្ចប់ការសិក្សា។

អ្វីដែលជាបញ្ហាថាតើនិស្សិតធ្វើកម្មសិក្សានៅទីណា? ឆ្លើយតបនឹងសំនួរនេះហើយ ទើបនាំឱ្យសាកលវិទ្យាល័យ បានខិតខំរៀបចំបង្កើតអនុស្សរណៈយោគយល់ជាមួយស្ថាប័នរដ្ឋ ឯកជន ដើម្បីឱ្យនិស្សិតមានទីកន្លែងចុះកម្មសិក្សា។ ព្រឹត្តិការណ៍ចុះ MoU ថ្ងៃនេះ ជាតឹកតាងមួយ។

តំណាងឱ្យសាកលវិទ្យាល័យ លោកបណ្ឌិត មាស បូរ៉ា ថ្លែងអំណរគុណដល់ក្រុមហ៊ុន ការិយាល័យ ដែលបានយល់ព្រម និងចូលរួមក្នុងកម្មវិធីចុះ MoU នេះ។ ជំនួសមុខឱ្យគណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ បុគ្គលិក និងទាំងនិស្សិតទាំងអស់ លោកបណ្ឌិត មាស បូរ៉ា សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងការិយាល័យនឹងបន្តផ្តល់ និងបើកឱកាសដល់និស្សិតក្នុងការធ្វើកម្មសិក្សាស្រាវជ្រាវ និងដកពិសោធន៍លើចំណេះជំនាញរបស់ពួកគេ។ លោកបណ្ឌិត ក៏បានអំពាវនាវដល់ក្រុមហ៊ុនការិយាល័យស្ថាប័នផ្សេងទៀតផ្តល់ឱកាសដល់កម្មសិក្សាដល់និស្សិត។

ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានោះ លោកបណ្ឌិត ឡុង សារ៉ាពេជ្រ អនុប្រធានសមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិ, លោក អ៊ុច ស៊ីណាត នាយកអង្គភាពធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងលោកមេធាវី ជាវ តុលា តំណាងឱ្យការិយាល័យ និងក្រុមមេធាវី បានចូលរួមយោបល់ផ្សេងៗក្នុងអង្គពិធីនេះផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យ CUS មាន ៨ទីតាំង។ ក្នុងនោះ ២ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ និង ៦ទីតាំងទៀត ស្ថិតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិតពីរម៉ឺននាក់ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ។ និស្សិតដែលបានបញ្ចប់ការសិក្សា និងនិស្សិតកំពុងសិក្សាមានការងារធ្វើរហូតដល់ជាង ៨៥%

សូមបញ្ជាក់ថា CUS ជាសាកលវិទ្យាល័យឈានមុខលើការបណ្តុះបណ្តាលមួយនៅកម្ពុជា តែងតែបើកវេទិកាកៀរគរ អ្នកជំនាញផ្សេងៗ ទៅធ្វើបទបង្ហាញលើជំនាញ និងបទពិសោធន៍ ក្នុងការងាររបស់ពួកគេ ដើម្បីផ្តល់បំនិនជីវិត និងចំណេះដឹងដល់និស្សិតបន្ថែម ពីលើអ្វីដែលពួកគេបានសិក្សា៕