(ភ្នំពេញ)៖ លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី៦) តំណាងលោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីចែកលិខិតឧទ្ទេសនាមជូនដល់និស្សិតក្រីក្រ ដែលទទួលបានអាហារូបករណ៍ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកពីសាកលវិទ្យាល័យបញ្ញាជាតិ, សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ១៨៦នាក់ (និស្សិតនារី ៨៥នាក់)។

កម្មវិធីនេះបានរៀបចំធ្វើឡើងនៅភោជនីយដ្ឋាន សេវេនប្រាយ ឃីង ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីជួបជុំគ្នាយ៉ាងសប្បាយរីករាយនេះ លោក ម៉ី វ៉ាន់ បានថ្លែងការកោតសរសើរលើកទឹកចិត្ត និងធ្វើការសំណេះសំណាលផ្តល់ដំបូន្មានល្អៗដល់និស្សិតអាហារូបករណ៍ទាំងអស់ កុំឱ្យភ្លេចគុណឪពុក ម្តាយ លោកគ្រូអ្នកគ្រូដែលជាឪពុក ម្តាយទី២ របស់យើង។

លោកសូមអបអរសាទរដល់និស្សិតទាំងអស់ និងថ្លែងអំណរគុណចំពោះមាតា បិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសឱ្យកូនចៅបានរៀនសូត្រ និងបានលើកទឹកចិត្តដល់និស្សិតទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសអភិវឌ្ឍន៍ចំណេះដឹង ចំណេះធ្វើ និងជំនាញផ្សេងៗ ដើម្បីទទួលបាននូវការងារល្អៗនាពេលខាងមុខ។

លោក ម៉ី វ៉ាន់ បានអញ្ជើញចែកលិខិតឧទ្ទេសនាមជូនដល់និស្សិត និងបានថតរូបអនុស្សាវរីយ៍ជាមួយនិស្សិតក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលក្រៃលែង និងបានពិសារអាហារសាមគ្គីក្នុងគោលបំណងដើម្បីឱ្យនិស្សិតទាំងអស់បានស្គាល់គ្នា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងនិស្សិត និងនិស្សិត ក៏ដូចជាបង្ហាញនូវគោលដៅរួម នៃសមាគមនិស្សិតអាហារូបករណ៍សម្តេចតេជោ ដើម្បីការអភិវឌ្ឍរួមគ្នានៃមហាវិទ្យាល័យទាំងអស់នៅកម្ពុជា ដែលនិស្សិតត្រូវរៀបចំដើម្បីជួបជុំគ្នាក្នុងគោលដៅពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជួយជ្រោមជ្រែងគ្នាក្នុងការលំបាកនៅក្នុងដំណើរការសិក្សា ទាំងសម្ភារៈ ទាំងស្មារតី ដែលសមាគមផ្តល់ឱ្យ។

លោក ហ៊ន សុខចាន់បញ្ញា ជានិស្សិតរៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានឱ្យដឹងថា ចំពោះអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ គឺជាឱកាសមួយដែលជួយឱ្យសិស្សក្រីក្រគ្មានលទ្ធភាពបង់ថ្លៃសិក្សា ជួយសម្រាលជីភាពគ្រួសារ ជួយលើកកម្ពស់ដល់សិស្សនិស្សិត នៅក្នុងថ្នាក់មូលដ្ឋានឱ្យបានរៀនសូត្របន្តដល់ចុងបញ្ចប់។

ជាចុងក្រោយលោកក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតដែលកំពុងសិក្សាថ្នាក់មូលដ្ឋាន និងនិស្សិតបន្តបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលងាយស្រួលអាចបន្តការសិក្សា និងអ្នកដែលស្រឡាញ់ការសិក្សា៕