(ភ្នំពេញ)៖ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់វិសាខា រំពឹងការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour មកកម្ពុជា នាថ្ងៃទី១៥ ខែមិថុនាសប្ដាហ៍ក្រោយ នឹងជំរុញឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីគុណតម្លៃ នៃការលេងបាល់ទាត់ ដែលប្រទេសធំៗលើពិភពលោក ខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមពាននេះណាស់។

អតីតកីឡាករ និងគ្រូបង្វឹកជម្រើសជាតិកម្ពុជារូបនេះបានលើកឡើងប្រកបដោយសុទិដ្ឋិនិយមថា ការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកមកប្រទេសកម្ពុជានាពេលឆាប់ៗនេះ គឺជាមោទនភាពបំផុតចំពោះប្រទេសជាតិ ដែលពោរពេញទៅដោយសុខសន្តិភាព និងវិស័យបាល់ទាត់ កំពុងអភិវឌ្ឍន៍ទៅមុខ ដែលបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសលើសកលលោកបានទទួលស្គាល់។

លោកបន្ដថា វត្តមានពានដ៏មានតម្លៃនៅកម្ពុជា នឹងផ្ដល់នូវផលវិជ្ជមានជាច្រើនសម្រាប់កម្ពុជាដូចជា៖

១-បង្ហាញអំពីការអភិវឌ្ឍបាល់ទាត់ក្នុងប្រទេសរបស់យើងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីស្វែងរកឪកាសប្រកួតប្រជែងដណ្តើមពាននេះ។
២-បង្ហាញឲ្យពិភពលោកបានដឹង និងឃើញថា ប្រទេសកម្ពុជា ពោរពេញទៅដោយសុខសន្តិភាព ដែលអាចអញ្ជើញកីឡាករលំដាប់ពិភពលោកមកកំសាន្ត ឬមកប្រកួតនៅប្រទេសយើងនាថ្ងៃអនាគត។
៣-អាចជំរុញឲ្យប្រជាពលរដ្ឋរបស់យើង បានឃើញច្បាស់នូវគុណតម្លៃនៃការលេងបាល់ទាត់ ដែលប្រទេសធំៗលើពិភណលោកប្រឹងប្រែងដណ្តើមពានដ៏មានតម្លៃនេះ។

លោក ហុក សុចិត្រា បានបន្ថែមទៀតថា «ក្នុងនាមខ្ញុំផ្ទាល់ ដែលជាអតីតកីឡាករបាល់ទាត់ និងចូលរួមក្នុងមហាគ្រួសារកីឡាបាល់ទាត់កម្ពុជា នឹងចូលរួមអបអរសាទរ ជាមួយកម្មវិធីដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកនេះ ជាមួយនឹងរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហពន្ធ័កីឡាបាល់ទាត់កម្ពុជា ក៏ដូចជាអ្នកស្នេហាកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាយើងឲ្យបានអធិកអធមបំផុត»

សូមបញ្ជាក់ថា ពានរង្វាន់ FIFA World Cup Trophy Tour នឹងដង្ហែមកដល់កម្ពុជានាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តាមយន្ដហោះពិសេស «Private Jet» ក្រោមការរៀបចំ និងការពារសុវត្ថិភាពខ្ពស់បំផុត។ បន្ទាប់មកនឹងដង្ហែពាននេះពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ដែលនឹងទទួលស្វាគមន៍ និងលើកពាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មុននាំពាននេះទៅដាក់តាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានចាប់ពីម៉ោង ១រសៀលដល់ម៉ោង ១០យប់ថ្ងៃដដែល៕