(ទីប៊ីស៊ីលី)៖ ខ្សែបម្រើក្រុមបាល់ទាត់ជម្រើសប៊ុលហ្គារី កីឡាករ Todor Nedelev បានទទួលការវះកាត់ ដោយសាររបួសក្បាល បន្ទាប់ពីជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅតាមផ្លូវពាក់ព័ន្ធជាមួយនឹងក្រុមជម្រើសជាតិរបស់លោកនៅរដ្ឋធានី Tbilisi ប្រទេសហ្សកហ្ស៊ី។ នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ប៊ុលហ្គារី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

ក្រុមជម្រើសជាតិប៊ុលហ្គារី ដែលកំពុងស្ថិតនៅរដ្ឋធានី Tbilisi នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី ក្នុងក្របខណ្ឌ Nations League នាថ្ងៃអាទិត្យនេះ បាននឹងកំពុងធ្វើដំណើរទៅកាន់សណ្ឋាគាររបស់ពួកគេ ក្នុងរថយន្តក្រុង ២គ្រឿងនៅពេលដែលហេតុការណ៍នោះបានកើតឡើង។

សហព័ន្ធបានឲ្យដឹងថា កីឡាករវ័យ ២៩ឆ្នាំខាងលើនេះបានទទួលរងរបួសលលាដ៍ក្បាល ហើយស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមវេជ្ជបណ្ឌិតក្នុងតំបន់ និងវេជ្ជបណ្ឌិតប៊ុលហ្គារីផងដែរ។

សហព័ន្ធបានឲ្យដឹងទៀតថា កីឡាករប៊ុលហ្គារី និងបុគ្គលិកផ្សេងទៀតមិនទទួលរងរបួសនោះទេ៕