(លីវើភូល)៖ បច្ចុប្បន្នក្លិបបាល់ទាត់ Liverpool កាន់តែខិតជិតទិញបានខ្សែប្រយុទ្ធ Darwin Nunez ពីក្លិប Benfica របស់ព័រទុយហ្គាល់មែនទែនហើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ វ័យទើបតែ ២២ឆ្នាំខាងលើនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួនប្រមាណ ៦៤លានផោន ជាមួយនឹងប្រាក់បន្ថែមប្រហែល ២១លានផោនផ្សេងទៀតដែរ នៅពេលដែល Nunez បានបង្ហាញភាព លេចធ្លោកាលពីលេងពាន UEFA Champions League ដែលជួប Liverpool និងរកគ្រាប់បាល់ទាំង ២ជើងផងដែរ។

Nunez បានបង្ហាញខ្លួន ៤១ប្រកួតសម្រាប់ Benfica ជាមួយនឹងការរកបាន ៣៤គ្រាប់គ្រប់ការប្រកួតនារដូវកាលមុននេះផងដែរ និងរកបាន ២គ្រាប់ផងដែរពេលក្រុមចាញ់ហង្សក្រហម Liverpool ក្នុងលទ្ធផល ៦ទល់នឹង៤ សរុបលទ្ធផលទាំងពីរជើងនៃវគ្គ ៨ក្រុមចុងក្រោយដែរនៅ UCL។

ការតេស្តសុខភាព Nunez មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ក៏ប៉ុន្តែលោក Julian Ward ដែលជានាយកកីឡា Liverpool បានកំពុងចរចាគ្នានៅប្រទេសព័រទុយហ្គាល់តាំងពីចុងសប្តាហ៍មុនមកម្ល៉េះ ហើយខ្សែប្រយុទ្ធវ័យក្មេងនេះ ត្រូវបានគេរំពឹងថា នឹងជំនួសកន្លែងប្រយុទ្ធរបស់ Sadio Mane បានផុតកិច្ចសន្យាជាមួយ Liverpool នារដូវកាលនេះ និងទទួលបានការចាប់អារម្មណ៍ពីក្លិបអាល្លឺម៉ង់ Bayern Munich នាពេលថ្មីៗនេះដែរ៕