(អាមេរិក)៖ កាលពីឆ្នាំមុនរឿង «Squid Game» រដូវកាលទី១ បានធ្វើឲ្យទស្សនិកជនលើពិភពលោក ចាប់អារម្មណ៍ទស្សនាយ៉ាងខ្លាំង រហូតបានក្លាយជាខ្សែភាពយន្តភាគកូរ៉េទី១ ដែលឈរនៅលំដាប់កំពូលនៃតារាងលើ Netflix។ ស្របពេលមហាជនកំពុងរង់ចាំការវិលត្រឡប់មកវិញ ជាមួយនឹងរដូវកាល របស់រឿង «Squid Game» រដូវកាលទី២នោះ ស្រាប់តែ Netflix ពេល នេះ បានផ្តល់ភ្លើងបៃតងជាផ្លូវការហើយ និង ជិតមកដល់ឆាប់ៗផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ជាមួយគ្នានេះ ងាកមកអ្នកដឹកនាំរឿង លោក Hwang Dong Hyuk ដែលគ្រប់គ្នាស្គាល់ថាជា អ្នកនៅពីក្រោយរឿង «Squid Game» របស់ Netflix បាន ឲ្យដឹងពីតម្រុយខ្លះៗនៃស៊េរីរឿងភាគ ថ្មី នេះ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ទស្សនារដូវកាលទី២ខ្លាំងឡើង។

យើងបានដឹងរួចមកហើយថា Seong Gi Hun (Lee Jung Jae) ពាក់ងាវលេខ៤៥៦ នឹងត្រឡប់មកវិញ និងតួអង្គ Front Man ជាអ្នកមើលការខុសត្រូវនៃហ្គេម ក៏ត្រឡប់មកវិញ រួមជាមួយតួអង្គសំខាន់នៅក្នុងហ្គេមជាច្រើនរូបទៀត ដូចជា បុរសដែលស្ថិតក្នុង ឯកសណ្ឋាន ជាមួយនឹងក្រដាសបត់ (Ddakji) ក៏អាចនឹង ត្រឡប់មកវិញដូចគ្នា។ អ្វីដែលកាន់តែពិសេស អ្នកនឹងបានស្គាល់មុខមិត្តប្រុសរបស់ Young Hee (តុក្កតាកូនក្រមុំ) ដែលមានឈ្មោះថា Cheol Su។

គួរជម្រាបថា សម្រាប់រឿង «Squid Game» រដូវកាលថ្មីៗ ត្រូវបានទស្សនិកជនសន្និដ្ឋានថា ទំនងជាមានឈុតឆាតព្រឺសម្បុរច្រើនជាងមុន ព្រោះតួសំខាន់ៗក្នុងសាច់រឿង សុទ្ធតែវិលត្រឡប់មកវិញ។ សម្រាប់រឿង «Squid Game» រដូវកាលទី១ កាលពីឆ្នាំមុន ត្រូវបានគេដឹងថា ប្រើប្រាស់រយៈពេលអស់១២ឆ្នាំ ទម្រាំតែរឿងនេះត្រូវបានសម្រេចផលិតឡើង ប៉ុន្តែវាប្រើរយៈពេលតែ១២ថ្ងៃប៉ុណ្ណោះ ដើម្បីក្លាយជាភាពយន្តដ៏ពេញនិយម និងល្បីល្បាញបំផុត នៅលើ Netflix នៅទូទាំងពិភពលោក៕