(ភ្នំពេញ)៖ សមាជិកក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ៦រូប ត្រូវបានក្លិបបរទេសជាច្រើន តាមប្រមាញ់ ក្រោយពួកគេធ្វើបានល្អ និងជួយក្រុមជម្រើសជាតិកម្ពុជា បើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ កាលពីថ្មីៗ។ តែក្នុងចំណោមកីឡាករ ៦រូបនេះ មានម្នាក់ប៉ុណ្ណោះត្រូវបានក្លិបអនុញ្ញាតឲ្យទៅលេងក្រៅប្រទេស ជាមួយកិច្ចព្រមព្រៀងរយៈពេលប្រមាណ ២សប្ដាហ៍ ក្នុងតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ គឺកីឡាករ វឿន វាសនា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមកីឡាករ ៦រូប ដែលត្រូវបានក្លិបរទេសចង់បាន ភាគច្រើនគឺពួកគេចង់នាំទៅលេងជាលីគរយៈពេលវែង។ តែដោយសារសហព័ន្ធមានបេសកកម្មចំពោះមុខត្រូវយកចិត្តទុកដាក់ គឺការប្រមូលផ្ដុំ និងពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា សហព័ន្ធមិនអនុញ្ញាតឲ្យពួកគេទៅនោះទេ លើកលែងតែកីឡាករ វឿន វាសនា ប៉ុណ្ណោះ ដែលរូបគេអាចចេញទៅលេងបានក្នុងរយៈពេលខ្លី។

លោកបន្ដថា «បន្ទាប់ពីយើងត្រឡប់មកពីស៊ីហ្គេម នៅវៀតណាម កីឡាកររបស់យើង ត្រូវបានគេចាប់អារម្មណ៍ច្រើនរហូតដល់ ៦នាក់មកក្លិបនៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម។ ក្នុងនោះភាគច្រើន គេចង់ទិញកីឡាករយើងលេងជាលីគរយៈពេលវែង។ ក្នុងករណីលេងជាលីគ សហព័ន្ធរបស់យើងមិនអនុញ្ញាតនោះទេ ដោយសារយើងត្រៀមកាតព្វកិច្ចមួយ គឺស៊ីហ្គេម ឆ្នាំ២០២៣ បើពួកគាត់ទៅ យើងនឹងពិបាកប្រមូលផ្ដុំ។ ប៉ុន្ដែមានករណីមួយកីឡាកររបស់យើង វឿន វាសនា គឺមានគេទិញទៅលេងនៅវៀតណាម»

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា វាសនា ត្រូវបានសហព័ន្ធអនុញ្ញាត ហើយក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបវៀតណាមផងដែរ ព្រោះការនាំរូបគេទៅលេង មានរយៈពេលខ្លីត្រឹម ២សប្ដាហ៍ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់ ការទិញ-លក់កីឡាករនេះ ត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះអន្ដរជាតិដែល វាសនា នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំទ្រដោយផ្លូវច្បាប់ត្រឹមត្រូវ ពិសេសគឺតម្លៃខ្លួនដែលកីឡាករជម្រើសជាតិកម្ពុជារូបនេះ នឹងទទួលបានរហូតជិត ១ម៉ឺនដុល្លារឯណោះ។

គួរដឹងថា ក្រុមបាល់ទះកម្ពុជាបានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីថ្មីៗ ពិសេសក្រោយយកឈ្នះក្រុមខ្លាំងៗ ដូចជាហ្វីលីពីន និងថៃជាដើម។ តាមរយៈនេះបានធ្វើឲ្យបណ្ដាក្លិបជាច្រើនក្នុងតំបន់ តាមចែចូវកីឡាករមួយចំនួនធំ តែពុំត្រូវបានសហព័ន្ធអនុញ្ញាតនោះទេ ដ្បិតរង់ចាំដល់ចប់ស៊ីហ្គេម ឆ្នាំ២០២៣ ទើបសហព័ន្ធបើកភ្លើងខៀវឲ្យកីឡាករបានចេញទៅប្រកបអាជីពក្រៅស្រុកទៅតាមការចរចា និងកិច្ចព្រមព្រៀងមួយ ដែលទទួលស្គាល់ដោយសហព័ន្ធជាតិ និងអន្ដរជាតិ៕