(ស្វាយរៀង)៖ ពិធីបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជនឃុំខ្សែគ្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ក្នុងទិសដៅផ្សព្វផ្សាយសុខសន្តិភាព ការរឹតចំណងបង្កើនសាមគ្គីភាពរវាងយុវជន និងបង្កើនសុខភាព ដែលពិធីនេះធ្វើឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំពីសប្បុរសជនលោកស្រីសាន រ៉េន និងកូនចៅ។

ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកមេឃុំខ្សែគ្រ លោកនាយប៉ុស្តិ៍នគបាល លោក-លោកស្រី ទាំង១៥ភូមិ លោកលោកស្រីអភិបាលស្រុក នាយក នាយរងរដ្ឋបាល និងក្រុមយុវជន ស.ស.យ.ក ផងដែរ។

អ្នកស្រីសាន រ៉េន សប្បុរសជនដែលបានរៀបចំកម្មវិធីនេះឡើង បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សមេ្តចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់នៃយុទ្ធនាការទប់ស្គាត់ការឆ្លងជំងឺកូវីដ១៩ និងយុទ្ធនាការជាតិចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលសម្រេចបានអត្រាភាគរយ នៃការចាក់វ៉ាក់សាំងលើសផែនការទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយក៏បានបើកប្រទេសឡើងវិញ ដែលនេះជាភាពជោគជ័យ យ៉ាងត្រចះត្រចង់នាំឲ្យស្រុកទេសមានការបើកសេដ្ឋកិច្ចឡើងវិញ។

អ្នកស្រីក៏បានជំរុញដល់យុវជន យុវតីទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្រលាញ់សន្តិភាព ហើយរួមគ្នាលេងកីឡាឲ្យបានច្រើន ចៀសវាងការសេពគ្រឿងស្រវឹង ល្បែងខុសច្បាប់គ្រប់ប្រភេទ គ្រឿងញៀន និងហ្គេមហួសកម្រិត តែងាកមកយកពេលនេះទីហាត់កីឡាវិញ ទើបល្អប្រសើរ។

សូមជម្រាបថា កម្មវិធីប្រកួតនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់នៅក្នុងបើកការប្រកួតនេះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាបាល់ទាត់យុវជនភូមិព្រៃសង្កែ បានលេខ១, ក្រុមកីឡាបាល់ទាត់យុវជនភូមិស្វាយ បានលេខ២, ក្រុមកីឡាបាល់ទាត់យុវជនភូមិតាប៉ោ បានលេខ៣ និងក្រុមកីឡាបាល់ទាត់យុវជនភូមិត្នោបានលេខ៤៕