(បរទេស)៖ TikTok បាននិងកំពុងទទួលបានការទាញយកខ្លាំងទាំងនៅលើ iOS និង Android ហើយ ក៏បាន ក្លាយជាកម្មវិធីដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅទូទាំងពិភពលោកក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២ នេះផងដែរ។ ខណៈដែលកំណើននៃការប្រើប្រាស់កំពុងតែកើនឡើងខ្លាំង ស្រាប់តែ TikTok ហាក់ដូចជាមិនសប្បាយចិត្តទៅវិញ ម្យ៉ាងវិញទៀតថែមទាំងមានបំណងចង់ឱ្យប្រើប្រាស់របស់ខ្លួន ងាកទៅធ្វើកិច្ចការងារអ្វីផ្សេង ជាជាងការ លេង ឬប្រើប្រាស់កម្មវិធីសម្រាប់សកម្មភាពប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រ PhoneArena នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានខាងលើបានឱ្យដឹងថា TikTok ជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់រយៈពេលក្នុងការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ឬស្វែងរកកិច្ចការផ្សេងទៀតដែលត្រូវធ្វើ ជំនួសឱ្យការចំណាយពេលពេញមួយថ្ងៃ ក្នុងការបង្កើតវីដេអូខ្លីៗដើម្បីផុសចូល TikTok។

នៅក្នុងសារមួយទៅកាន់ TikTok Community ដែលក្រុមហ៊ុនបានផ្សព្វផ្សាយ ក៏ដូចជាប្រកាសពីជំហានមួយចំនួនដែលខ្លួនកំពុងធ្វើគឺដើម្បីជួយអ្នកប្រើប្រាស់បង្កើតទម្លាប់នៅលើឌីជីថលឱ្យបានត្រឹមត្រូវ។ ដោយក្នុងនោះ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ចូលទៅកំណត់ពេលវេលានៅក្នុង Screen Time Daily ដើម្បីកំណត់ពីរយៈពេលប៉ុន្មានក្នុងមួយថ្ងៃដែលត្រូវចំណាយ។

យ៉ាងណាមិញនៅពេលដែលអ្នកប្រើប្រាស់កំណត់ពេលវេលានៅលើ Screen Time នោះវានឹង Remind ទៅដល់អ្នកនៅពេលដែលកំពុងលេង TikTok ឱ្យសម្រាកពីកម្មវិធីបន្ទាប់ពីដល់ពេលវេលាដែលត្រូវកំណត់ ដោយក្នុងនោះអ្នកប្រើប្រាស់ទាំងអស់អាចកំណត់រយៈពេលវែង ឬខ្លីតាមដែលអ្នកចង់បាន។ ហើយចំពោះសមាជិក TikTok ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ ដែលបានប្រើកម្មវិធីលើសពី ១០០នាទីក្នុងមួយថ្ងៃ នឹងត្រូវបាន Reminded នៅថ្ងៃបន្ទាប់ ហើយពួកគេនឹងមិនអាចបើក TikTok បាននោះឡើយ លុះត្រាតែពួកគេចូលទៅកំណត់ Screen Time ជាមុនសិន។

បើតាមប្រភពបានបង្ហាញឱ្យដឹងថា ការកំណត់នៅលើ Screen Time នឹងបង្ហាញពីពេលវេលារបស់អ្នកប្រើប្រាស់ដែលបានចំណាយពេលនៅលើ TikTok ទាំងក្នុងពេលយប់ និងពេលថ្ងៃដែលកម្មវិធី Digital Wellbeing នឹងបង្ហាញពីពេលវេលាទាំងនោះ។ ដូចដែល TikTok បាននិយាយនាពេលថ្មីៗនេះថា «យើងចូលចិត្តធ្វើការជាមួយជា Creator ដែលមានទេពកោសល្យ ដើម្បីអប់រំ TikTok Community អំពីសុវត្ថិភាពអនឡាញ សុខុមាលភាព រួមទាំង Tools និងជម្រើសដែលមានសម្រាប់ពួកគេ ហើយថាមពល និងភាពរីករាយដែល Creator ទាំងនេះមានសម្រាប់ Community របស់ពួកគេ និងជួយឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត និងនាំទៅរកការយល់ដឹងកាន់តែច្បាស់អំពី Platform នេះថែមទៀតផង»។

ដោយឡែកកាលពីដើមឆ្នាំនេះ TikTok បានធ្វើការផ្លាស់ប្តូរមុខងារសំខាន់ៗមួយចំនួនចំពោះ Platform វីដេអូខ្លីៗរបស់ពួកគេ ដោយបានបង្កើនប្រវែងវីដេអូពីចន្លោះពី ៣នាទី ទៅ ១០នាទីឯណោះ ខណៈដែលពីមុនមានត្រឹមតែ ១នាទី ទៅ ៣នាទីប៉ុណ្ណោះ ដែលនេះហើយជាមូលហេតុ TikTok ទទួលបានការគាំទ្រជាខ្លាំងបើធៀបទៅនឹង YouTube។ ហើយបច្ចុប្បន្ននេះ TikTok ក៏ជាកម្មវិធីទី៥ ក្នុងប្រវត្តិសាស្ត្រផងដែរ ដែលទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃជាង ៣.៥ពាន់លាននាក់៕