(អាមេរិក)៖ តារាល្បី Johnny Depp ត្រូវបានគេមើលឃើញថា កំពុងតែផ្តោតលើការងារតន្រ្តី និងភាពយន្តក្នុងហូលីវូដរបស់ខ្លួនឡើងវិញ បន្ទាប់ពីបញ្ចប់រឿងក្តីនៅតុលាការជាមួយអតីតភរិយា Amber Heard។ ទន្ទឹមគ្នានេះ គេឃើញថា Johnny Depp កំពុងតែព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយអ្នកសិល្បៈឡើងវិញ តាមរយៈការភ្ជាប់ Friend ក្នុង Instagram ប៉ុន្តែក្នុងចំណោមនោះ លោកហាក់មិនអើពើក្នុងការភ្ជាប់ Friend ជាមួយ Angelina Jolie ឡើយ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ចំនួន Follower របស់ Depp ក្នុង Instagram បានកើនឡើង អំឡុងពេលលោកតទល់ក្តីជាមួយអតីតភរិយាក្នុងតុលាការ ហើយកាន់តែកើនឡើងថែមទៀត នៅពេលដែលលោកឈ្នះក្តី។ ជាមួយគ្នានោះ គេក៏ឃើញលោក បាន Follow ទៅមិត្តសិល្បៈជាច្រើនផងដែរ ក្នុងនោះរួមមាន តារាស្រី Gal Gadot តួស្រីក្នុងរឿង «Wonder Woman» និង Jennifer Aniston ព្រមទាំងតារាជាច្រើនរូបទៀត។

អ្នកគាំទ្ររបស់លោកជាច្រើនបានងឿងឆ្ងល់ថា តើហេតុអ្វីបានជាតារាប្រុសរូបនេះមិន Follow ទៅកាន់ Angelina Jolie? ខណៈ Angelina Jolie កន្លងទៅត្រូវបានគេដឹងថា សម្តែងការមិនពេញចិត្តចំពោះទំនាក់ទំនងរបស់ Depp និងអតីតភរិយាតាំងពីដំបូង។ យោងតាមរបាយការណ៍ឆ្នាំ ២០១៤ ពី «National Enquirer» Jolie មិនចូលចិត្ត Heard ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងរបស់នាងជាមួយ Depp មកម្ល៉េះ៕