(ភ្នំពេញ)៖ អង្គការ ប៊ីប៊ីស៊ី មេឌាអ៊កសិន (BBC Media Action) និងបណ្តាញទូរទស្សន៍កម្ពុជា (CBS) នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសម្ពោធរឿងភាគទូរទស្សន៍ថ្មី «គ្រួសារសុខសាន្ត»

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី លោកស្រី Gemma Hayman នាយិកាប្រចាំប្រទេស នៃអង្គការ BBC Media Action, លោក Rajveer Singh អគ្គនាយកប្រតិបត្តិបណ្ដាញទូរទស្សន៍កម្ពុជា (CBS), លោក Adrian Scherler ប្រធាន Governance Portfolio នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), លោកស្រី Camilla Ottosson ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ស្ថានទូតស៊ុយអែត ការិយាល័យផ្នែករាជធានីភ្នំពេញ) ថ្នាក់ដឹកនាំក្រុម CBS និងសិល្បៈករ សិក្បៈការិនីមួយចំនួនផងដែរ។

រឿងភាគអប់រំបែបកំប្លែងតាមទូរទស្សន៍ដ៏ថ្មីសន្លាងរបស់អង្គការ BBC Media Action នឹងធ្វើការលាតត្រដាង និងស្វែងយល់អំពីលក្ខខ័ណ្ឌមួយចំនួន ដើម្បីក្លាយជាគ្រួសារដ៏សុខសាន្តមួយក្នុងប្រទេសកម្ពុជាក្នុងសតវត្សរ៍ទី២១នេះ។ ក្រុមការងាររបស់អង្គការ ប៊ីប៊ីស៊ី មេឌាអ៊ែកសិន ដែលនៅពីក្រោយកម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយចំនួនដូចជា៖ ស្ថានីយក្តីស្រមៃ កុំចាំទឹកភ្លៀង និងផ្ទះក្លាហាន9 មានសេចក្តីសោមនស្សរីករាយក្នុងការផ្ដល់ជូនកម្មវិធីទូរទស្សន៍ថ្មីខ្នាតវែងចុងក្រោយបង្អស់ គឺរឿង «គ្រួសារសុខសាន្ត» ហើយនឹងចាប់ដៃគូជាថ្មីម្តងទៀតជាមួយបណ្តាញទូរទស្សន៍កម្ពុជា (CBS)។ រឿងភាគទូរទស្សន៍ថ្មី ដែលមានចំនួន១៣ភាគនេះនឹងចាក់បញ្ចាំងនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ ២០២២ នៅលើកញ្ចក់ទូរទស្សន៍ CTN។

លោកស្រី Gemma Hayman បានថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលបានបើកសម្ភោធរឿងភាគទូរទស្សន៍ថ្មី «គ្រួសារសុខសាន្ត» និងរីករាយជាខ្លាំងដែលបានចាប់ដៃគូជាមួយបណ្តាញទូរទស្សន៍កម្ពុជា ដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជនឱ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន។ ក្រុមការងារដ៏ប៉ិនប្រសប់ និងប្រកបដោយភាពច្នៃប្រឌិតរបស់យើងបានខិតខំអភិវឌ្ឍ និងផលិតកម្មវិធីថ្មីសន្លាងនេះ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់យុវជន ភាពជាគំរូល្អៗ ដែលពួកគេអាចចូលរួមក្នុងជីវិតសាធារណៈ និងលើកទឹកចិត្តឱ្យមានការពិភាក្សាលើបញ្ហាទាំងនេះប្រកបដោយភាពស្រុះស្រួល និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា។ យើងសង្ឃឹមថាទស្សនិកជននឹងចូលចិត្តរឿងគ្រួសារសុខសាន្ត»

«គ្រួសារសុខសាន្ត» នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ វេលាម៉ោង១២ ថ្ងៃត្រង់ និងថ្ងៃសៅរ៍ វេលាម៉ោង៥ ល្ងាច។ លោកអ្នកក៏អាចមើលរឿងនេះបានតាមប្រព័ន្ធអនឡាញផងដែរ តាមរយៈតំណភ្ជាប់នេះ https://facebook.com/klahan9cambodia និង https://youtube.com/c/klahan9cambodia

លោក Rajveer Singh បានគូសបញ្ជាក់ថា៖ «វាជាមោទនភាពមួយសម្រាប់ CBS ក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីនាំគ្រួសារសុខសាន្ត ទៅកាន់ទស្សនិកជនរបស់យើងទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់យើងបាននិងកំពុងចែករំលែកនូវចក្ខុវិស័យរួមមួយក្នុងការនាំយកទៅឱ្យភាគីពាក់ព័ន្ធរបស់យើងនូវការកម្សាន្តដ៏ល្អបំផុតហើយ «គ្រួសារសុខសាន្ត» គឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ CBS»

រឿងភាគទូរទស្សន៍ថ្មីនេះ ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពយុវជនតាមរយៈពហុវទិការបស់អង្គការ BBC Media Action គម្រោងក្លាហាន9 ស្ពេស (Klahan9 SPACE) ដែលជួយគាំទ្រដល់ការចូលរួមពិភាក្សា និងការចូលរួមអភិវឌ្ឍសហគមន៍របស់ប្រជាពលរដ្ឋដែលត្រូវបានផ្ដល់មូលនិធិដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងស្ថានទូតស៊ុយអែត ដែលមានការិយាល័យនៅរាជធានីភ្នំពេញ។ គម្រោងនេះមានគោលបំណងជួយផ្ដល់ជាប្រយោជន៍ដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ និងចំណេះដឹងនានាសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ដែលពួកគាត់រស់នៅ។

លោក Adrian Scherler មានប្រសាសន៍ថា «SDC មានមោទនភាពណាស់ក្នុងការក្លាយជាផ្នែកមួយនៃកម្មវិធីទូរទស្សន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ព្រោះនេះគឺជាធាតុផ្សំដ៏សំខាន់មួយនៃគម្រោងក្លាហាន9 (Klahan9) ស្ពេស។ យើងសង្ឃឹមថា កម្មវិធីនេះនឹងផ្សព្វផ្សាយទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ និងចម្រុះនៅទូទាំងប្រទេស ហើយវានឹងជំរុញឱ្យមានការឆ្លុះបញ្ចាំងពីគា្នទៅវិញទៅមកនៅក្នុងគ្រួសារ និងក្នុងចំណោមសហគមន៍។ យើងមានមោទនភាពក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទងជាឧបករណ៍សំខាន់ដើម្បីជំរុញ និងគាំទ្រយុវជនកម្ពុជាឱ្យចូលរួមក្នុងជីវិតសាធារណៈ»

លោកស្រី Camilla Ottosson បានបន្ថែមយ៉ាងដូច្នេះថា៖ «ស្របតាមយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ជាមួយកម្ពុជាដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ យើងឃើញថាអង្គការ BBC Media Action គឺជាដៃគូដ៏មានតម្លៃរបស់យើងនៅក្នុងប្រទេសកម្ពុជា ក្នុងន័យជួយគាំទ្រយុវជនឱ្យចូលរួមពិភាក្សា និងអភិវឌ្ឍសហគមន៍របស់ខ្លួន។ ប្រទេសស៊ុយអែត រួមជាមួយនឹង SDC រីករាយអបអរសាទរចំពោះអង្គការ BBC Media Action ក្នុងការបើកដំណើរការកម្មវិធីទូរទស្សន៍ថ្មី គឺ «គ្រួសារសុខសាន្ត» ដែលជាកម្មវិធីទូរទស្សន៍ដែលនឹងជំរុញទឹកចិត្តយុវជនខ្មែររាប់លាននាក់ ឱ្យចូលរួមពិភាក្សា និងចូលរួមក្នុងជីវិតសាធារណៈ។ ការផ្សារភ្ជាប់ជាមួយយុវជនតាមរយៈការកម្សាន្តបែបអប់រំលើប្រធានបទសំខាន់ៗដែលទាក់ទងនឹងសង្គម គឺជារឿងល្អណាស់ ហើយយើងសង្ឃឹមថាវានឹងទៅដល់ទស្សនិកជនជាច្រើន និងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរស់នៅរបស់យុវជនក្នុងប្រទេសកម្ពុជា។

បន្ថែមពីលើកម្មវិធីទូរទស្សន៍គ្រួសារសុខសាន្ត គម្រោងក្លាហាន9 ស្ពេស (Klahan9 SPACE) ក៏មានការផលិត និងផ្សព្វផ្សាយមាតិកាអប់រំតាមឌីជីថល សកម្មភាពផ្សព្វផ្សាយសហគមន៍ និងការគាំទ្រដល់អ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងប្រទេសកម្ពុជាផងដែរ។

គម្រោងនេះត្រូវបានដឹកនាំ និងអនុវត្តដោយអង្គការ BBC Media Action) ដោយធ្វើការក្នុងភាពជាដៃគូជាមួយក្រុមប្រឹក្សាយុវជនកម្ពុជា (CC) កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងមជ្ឈមណ្ឌលធនធានអូឌីយ៉ូបុប្ផាណា»៕