(សៀមរាប)៖ ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយនៃចំណុចសំខាន់ៗរបស់ប្រាសាទ អាជ្ញាធរជាតិអប្សរាគ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មីចំនួន២ខ្សែ គឺខ្សែទី១នៅប្រាសាទចៅសាយទេវតា និងទី២នៅប្រាសាទធម្មនន្ទ។

លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនានៅក្នុងរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ខ្សែទស្សនានៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទនឹងត្រូវរៀបចំចំនួន២ដំណាក់កាល ទី១គឺរៀបចំនៅប្រាសាទចៅសាយទេវតា ដើម្បីបង្ហាញទិសដល់ភ្ញៀវឱ្យចូលទស្សនាតាមផ្លូវចូលច្រកខាងកើត ព្រោះកន្លងមកភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ និយមដើរចូលតាមច្រកខាងជើង ជាហេតុធ្វើឱ្យភ្ញៀវមិនបានទស្សនាគ្រប់ជ្រុងជ្រោយនៃចំណុចសំខាន់ៗក្នុងប្រាសាទមួយនេះ។ ចំណែកដំណាក់កាលទី២ ក្នុងរយៈពេលវែង គឺនៅពេលដែលគម្រោងរៀបចំតំបន់ទ្វារជ័យរហូតដល់ទំនប់បារាយណ៍ខាងកើតរួចរាល់ វង់ទស្សនាដែលនឹងដាក់ឱ្យដំណើរការនេះ ភ្ញៀវទេសចរត្រូវរក្សាទុកមធ្យោបាយធ្វើដំណើរនូវចំណតខ្លោងទ្វារជ័យ ដោយចាប់ផ្តើមទស្សនាចំណុចសំខាន់ៗនៅក្នុងប្រាសាទធម្មនន្ទ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើរបស់អាជ្ញាធរជាតិអប្សរា ទស្សនារហាត់ទឹក ដោយភ្ជាប់ជាមួយស្ទឹងសៀមរាប ស្ពានបុរាណ និងបន្ទាប់មក ត្រូវបន្តទស្សនាប្រាសាទចៅសាយទេវតាតាមច្រកខាងកើត។

ដោយខ្សែទស្សនាទាំងពីរខាងលើ គ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ព្រោះបច្ចុប្បន្នក្រុមការងារកំពុងគិតគូររៀបចំជាផ្ទាំងព័ត៌មាន បរិយាយអំពីចំណុចសំខាន់ៗនៃរូបចម្លាក់ និងប្រាសាទ ស្លាកសញ្ញាបង្ហាញទិស និងភ្នាក់ងារសម្រាប់ជួយសម្រួលដល់ភ្ញៀវជាដើម។

ការរៀបចំខ្សែទស្សនាបាននាំមកនូវសុវត្ថិភាពដល់ប្រាសាទ លើសពីនេះនឹងនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ និងទទួលបានបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបុរាណ។ ក្នុងន័យនេះអាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិគោរពតាមការណែនាំនៃវង់ទស្សនាដែលបានរៀបចំឡើង៕