(លីវើភូល)៖ ក្លិប Liverpool បានសម្រេចកិច្ចព្រមព្រៀងជាមួយក្លិប Benfica ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez ក្នុងតម្លៃ ៦៤លានផោន ដោយនឹងមានបូកបន្ថែមអាចឈានដល់តម្លៃ ៨៥លានផោន ដែលជាតម្លៃបំបែកកំណត់ត្រាការទិញចូលកីឡាករកាលឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងពី BBC នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធវ័យក្មេង ២២ឆ្នាំសញ្ជាតិអ៊ុយរូហ្គាយ Nunez មុនពេលផ្ទេរមកក្លិប Liverpool នៃលីគអង់គ្លេស Premier League សម្រាប់រូបគេបានបង្ហាញខ្លួន ៤១ប្រកួត និងរកបាន ៣៤គ្រាប់ក្នុងរដូវកាល ២០២១-២២ គ្រប់កម្មវិធីទាំងអស់។ ខណៈការមកកាន់ Liverpool កំពុងស្ថិតក្នុងការដឹកនាំដោយលោក Jurgen Klopp រូបគេនឹងបានបំបែកកំណត់ត្រាតម្លៃ ៧៥លានផោនដែលទិញ Virgil van Dijk ពីក្លិប Southampton។

Nunez ក៏អាចមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Sadio Mane ដែលកំពុងមានក្រុមអាល្លឺម៉ង់ FC Bayern Munich ដាក់សំណើ ៣០លានផោន តែក្លិបហង្សក្រហមបានបដិសេធ ដែលអាចធ្វើឲ្យខ្សែប្រយុទ្ធ Mane អាចនឹងមិនមានថ្លៃផ្ទេរណាមួយនៅថ្ងៃផុតកំណត់កិច្ចសន្យា បើសិនមិនមានការព្រមពៀងថ្មីនោះទេ។

រដូវកាលមុន Nunez ធ្វើបានយ៉ាងល្អដោយរកបាន ៦គ្រាប់ក្នុងចំណោម ១០ប្រកួតនៃការប្រជែងពានលីគអឺរ៉ុប UEFA Champions League ដោយរួមទាំងការស៊ុតលើក្រុម Liverpool នៃការប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ ដ្បិតរូបគេក៏ធ្លាប់មានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United នៅអំឡុងពេលដែលការផ្ទេរមកកាន់ក្លិប Benfica ពីក្រុមអេស្ប៉ាញ Almeria ក្នុងឆ្នាំ២០២០៕