(ឡូសអេជេលសេស)៖ ខ្សែការពារសញ្ជាតិអ៉ីតាលី Giorgio Chiellini បានចូលរួមជាមួយក្លិប Los Angeles FC លេងនៅលីគ Major League Soccer (MLS) បន្ទាប់ពីការចាកចេញរបស់លោក ពីក្លិប Juventus។ នេះបើតាមការប្រកាសពីខ្សែការពាររូបនេះ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

កីឡាករ Chiellini បានចាកចេញពីក្លិប Juventus ដែលលេងនៅលីគអ៉ីតាលី Serie A នៅពេលចប់រដូវកាលនេះ បន្ទាប់ពីលេង ១៧ឆ្នាំជាមួយនឹងក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Turin ជាទីកន្លែងដែលលោកបានបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីឈ្មោះកីឡាករ ដែលបានបង្ហាញខ្លួនគ្រប់ពេលប្រកួតរបស់ក្លិប ឈរនៅពីក្រោយកីឡាករ Alessandro Del Piero និង Gianluigi Buffon។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ក៏បានប្រកាសពីការចូលនិវត្តន៍របស់លោកពីជម្រើសជាតិផងដែរ ដោយការប្រកួតចុងក្រោយរបស់លោក បានធ្វើឡើងនៅឯកីឡដ្ឋាន Wembley កាលពីដើមខែនេះ នៅពេលអ៉ីតាលី ដែលជាម្ចាស់ពានរង្វាន់ជើងឯក European នោះបានចាញ់ក្នុងការប្រកួត Finalissima ក្រោមថ្វីជើងក្រុមម្ចាស់ពានរង្វាន់ Copa America អាហ្សង់ទីន៕