(មេនឆេស្ទឺ)៖ ក្លិប Manchester City បានសម្រេចទាំងស្រុងហើយ នូវការចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland មកពីក្លិប Borussia Dortmund ដែលលេងនៅលីគអាល្លឺម៉ង់ Bundesliga លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបម្ចាស់ពានរង្វាន់ជើងឯក Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

City មិនបានផ្តល់នូវព័ត៌មានលម្អិត ស្តីពីតម្លៃនៃកិច្ចសន្យានោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា តម្លៃសរុបនៃការទិញកីឡាករ Haaland អាចលើស ៣០០លានអឺរ៉ូ (៣១៤.២២លានដុល្លារ) ក្នុងនោះរួមទាំងប្រាក់ខែរបស់លោក ថ្លៃភ្នាក់ងារ និងប្រាក់រង្វាន់។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី៨៦គ្រាប់ ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Dortmund ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់លោកកាលពីខែមករា ឆ្នាំ២០២០។

Haaland ដែលឪពុករបស់លោក គឺលោក Alf-Inge ធ្លាប់ជាកីឡាករលេងឲ្យក្លិប City កាលពីឆ្នាំ២០០០ ដល់២០០៣នោះ បានឈ្នះពានរង្វាន់ German Cup និងជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាល២០២០-២១ នៃលីគ Bundesliga។

ក្លិប City បានស្វែងរកកីឡាករ ដើម្បីជំនួសខ្សែប្រយុទ្ទ Sergio Aguero បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប ជាមួយនឹងគ្រាប់បាល់២៥៤គ្រាប់រូបនេះ បានផ្លាស់ទៅលេងឲ្យក្លិប Barcelona លើការផ្ទេរដោយមិនបង់ថ្លៃកាលពីឆ្នាំមុន៕