(ខេបថោន)៖ នាយកប្រតិបត្តិព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One លោក Stefano Domenicali បានធ្វើដំណើរទៅដល់ប្រទេសអាហ្វ្រិកខាងត្បូងហើយនៅថ្ងៃចន្ទ ដើម្បីធ្វើការពិភាក្សាគ្នាអំពីការអាចនឹងឃើញទីលានប្រណាំងរថយន្ត Kyalami របស់ប្រទេសមួយនេះវិលត្រឡប់មកវិញ ក្នុងប្រតិទិនព្រឹត្តិការណ៍ Grand Prix នៅឆ្នាំក្រោយជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៣ មក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យ Formula One បានអះអាងថា លោក Domenicali ទៅកាន់អាហ្វ្រិកខាងត្បូង បន្ទាប់ពីចប់ព្រឹត្តិការណ៍ Azerbaijan Grand Prix នៅទីក្រុង Baku កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

លោក Stefano Domenicali អតីតប្រធានក្រុម Ferrari នឹងជួបជាមួយតំណាងទីលានប្រណាំង ដែលមានទីតាំងនៅភាគខាងជើងទីក្រុង Johannesburg ដែលចង់ធ្វើកិច្ចសន្យា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងរថយន្តនេះ។

សូមជម្រាបថា អាហ្វ្រិក គឺជាទ្វីបតែមួយគត់លើកលែងតែទ្វីបអង់តាកទិកប៉ុណ្ណោះ ដែលមិនមានព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នេះ ហើយលោក Domenicali អ្នកតំណាងឲ្យក្រុមហ៊ុនម្ចាស់កម្មសិទ្ធិពាណិជ្ជកម្ម Liberty Media បានលើកឡើងពីបំណងប្រាថ្នារបស់លោក ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះឡើង។

អាហ្វ្រិកខាងត្បូង តែងតែធ្វើជាជុំប្រណាំងទៀងទាត់នៃពានរង្វាន់ជើងឯកនេះរហូតដល់ឆ្នាំ១៩៨៥ នៅពេលដែលក្រុម និងម្ចាស់ឧបត្ថម្ភបានធ្វើពហិការប្រណាំង ដោយសារតែប្រព័ន្ធបែងចែកជាតិសាសន៍របស់ប្រទេសមួយនេះ។

យ៉ាងណាមិញ កីឡាប្រភេទនេះបានវិលត្រឡប់ទៅកាន់ទីលាន Kyalami វិញក្នុងឆ្នាំ១៩៩២ និងឆ្នាំ១៩៩៣ បន្ទាប់ពីប្រព័ន្ធបែងចែកជាតិសាសន៍ត្រូវបានបញ្ចប់ និងលោក Nelson Mandela ដែលក្រោយមកបានក្លាយជាប្រធានាធិបតីស្បែកខ្មៅលើកដំបូងគេរបស់ប្រទេសនោះ ត្រូវបានដោះលែងពីពន្ធនាគារ៕