(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្ដជួបអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ(ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2023 ពូល D នៅប្រទេសឥណ្ឌា។

នេះគឺជាការប្រកួតបង្គ្រប់កិច្ចរវាងក្រុមទាំងពីរ បន្ទាប់ពីអស់ឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ក្រោយរងបរាជ័យ ២ប្រកួតដូចគ្នា ក្នុងនោះកម្ពុជា ចាញ់ឥណ្ឌា ២-០ និងចាញ់ហុងកុង ៣-០ ខណៈអាហ្វហ្គានីស្ថាន ចាញ់ហុងកុង និងចាញ់ម្ចាស់ផ្ទះឥណ្ឌា ២-១ ដូចគ្នា។

យ៉ាងណាក្ដីការប្រកួតនេះ កម្ពុជានៅតែផ្ដោតសំខាន់ក្នុងការស្វែងរកគ្រាប់បាល់ឲ្យខានតែបាន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតកន្លងមកមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបានឡើយ។ នេះបើតាមការលើកឡើងរបស់លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា។

លោកថា «ពិតណាស់យើងបានចាញ់ ២ប្រកួតកន្លងទៅ ហើយនេះគឺជាការប្រឹងប្រែងបន្ដទៀត សម្រាប់ការប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាន ដើម្បីប្រឹងប្រែងរកឱកាសក្នុងការទាត់បញ្ចូលទីរបស់ពួកគេ។ សម្រាប់ការរៀបចំក្រុម យើងព្យាយាមប្រើទិចនិចនៃការប្រកួត បត់បែនទៅតាមក្រុមដែលជាគូប្រកួតប្រជែងរបស់យើង»