(បាំងកក)៖ ថ្មីៗនេះទីភ្នាក់ងារវិនិយោគរបស់ប្រទេសថៃបានអនុម័តការបណ្តាក់ទុនរួមគ្នាមួយដែលមានតម្លៃ ៣៦.១ពាន់លានបាត (ប្រហែល ១.០៤ពាន់លានដុល្លារអាមេរិក) រវាងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ និងក្រុមហ៊ុន PTT របស់ប្រទេសថៃ ដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គីសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

បើតាមការឱ្យដឹងពីអ្នកស្រី Duangjai Asawachintachit ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាភិបាលវិនិយោគថៃ (BIO) បានលើកឡើងថា «គម្រោងបណ្តាក់ទុនរួមគ្នានេះនឹងគាំទ្រការវិនិយោគក្នុងឧស្សាហកម្មអគ្គីសនី និងបង្កើតគោលនយោបាយដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មអគ្គីសនីដ៏ធំរបស់អាស៊ីអាគ្នេយ៍»

លើសពីនេះទៅទៀតក្រុមប្រឹក្សាភិបាលថៃ (BIO) ក៏បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលថា ការអនុម័តខាងលើនេះត្រូវបានធ្វើឡើងក្នុងគម្រោង Horizon Plus Co ដែលជាគម្រោងមួយនៃកម្មវិធីវិនិយោគជាច្រើនដែលមានតម្លៃសរុបដល់ទៅ ២០៩.៥ពាន់លានបាតក្នុងការផលិត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។

ទន្ទឹមនឹងនេះ BIO ក៏បានអនុម័តលើអត្ថប្រយោជន៍បន្ថែមទៀតសម្រាប់គម្រោងការវិនិយោគក្នុងការផលិតអាគុយអគ្គីសនី ទាំងគម្រោងដែលមានស្រាប់ និងគម្រោងថ្មីរួមទាំការកាត់បន្ថយពន្ធនាំចូលរហូតដល់ទៅ ៩០ភាគរយលើវត្ថុធាតុដើម និងសម្ភារៈសំខាន់ៗផ្សេងទៀតក្នុងរយៈពេលប្រាំឆ្នាំខាងមុខក្នុងករណីដែលទិន្នផលត្រូវបានលក់ក្នុងស្រុក៕