(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ឈានដល់វ័យ ៣៦ឆ្នាំនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ខណៈក្រុមការងារគ្រូ និងកីឡាករក៏បានរៀបចំកម្មវិធីអបអរសាទរថ្ងៃកំណើតរបស់លោកផងដែរ មុនការប្រកួតបង្គ្រប់កិច្ចពូល D នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2023 ជាមួយអាហ្វហ្គានីស្ថាននាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ។

ទន្ទឹមជាមួយគ្នា ក្នុងថ្ងៃខួបកំណើតខាងលើ លោក Honda បានយកឱកាសនេះ ដើម្បីចែករំលែកនូវបទពិសោធន៍ និងបំផុសកូនក្រុមទាំងអស់ ត្រូវមានក្ដីសុបិនឲ្យធំ ក្នុងអាជីព ដើម្បីសម្រេចជោគជ័យក្នុងជីវិត ដោយលោកបានលើកឧទាហរណ៍ផ្ទាល់ពីជីវិតតស៊ូរបស់ខ្លួន។

Honda និយាយថា «ខ្ញុំពិតជាសប្បាយចិត្តសម្រាប់កម្មវិធីនេះ តែខ្ញុំមានគំនិតមួយចំនួនចង់ចែករំលែកដល់អ្នកទាំងអស់គ្នា ក្នុងអាជីពរបស់យើង។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា ជឿជាក់លើខ្លួនឯង ជឿជាក់លើអាជីពរបស់យើង មានន័យថា យើងត្រូវតែស្រេកឃ្លាន ដើម្បីជោគជ័យក្នុងជីវិតរបស់យើង»

ពេលខ្ញុំនៅក្មេង ខ្ញុំមានក្ដីសុបិនធំ ខ្ញុំចង់លេង World Cup ហើយក្លាយជាជើងឯក។ ខ្ញុំមិនអាចក្លាយជាជើងឯកជាកីឡាករល្អ ប៉ុន្ដែខ្ញុំមិនបោះបង់ទេ មូលហេតុនេះហើយ ទើបខ្ញុំក្លាយជាគ្រូ ឬអ្នកចាត់ការទូទៅ។ ខ្ញុំបានលេង World Cup ៣ដង។ តាមពិតខ្ញុំមិនមែនជាមនុស្សមានទេពកោសល្យទេ ព្រោះកាលខ្ញុំនៅក្មេង ពេលដែលខ្ញុំនិយាយថា ខ្ញុំនឹងលេង World Cup មនុស្សជាច្រើនសើចចំអកឲ្យខ្ញុំ ថាខ្ញុំមិនអាចធ្វើបានទេ»។

នេះគឺជាចំណុចមួយ ពួកយើងគួរគិត ធ្វើម៉េចឲ្យខ្លួនយើងរីកចម្រើនរហូត កុំពេញចិត្តនូវអ្វីដែលខ្លួនមាន ត្រូវស្រេកឃ្លាន យើងអាចធ្វើអ្វីដែលយើងចង់ធ្វើ។ កីឡាករមួយចំនួនទើបអាយុ ៣០ឆ្នាំទេ យើងនៅតែអាចធ្វើអ្វីខ្លះបន្ថែមដល់ជីវិតរបស់យើង។ ចាកចេញពីប្រទេសកម្ពុជាកាន់តែលឿន ឬនៅក្មេងបំផុត ដែលអាចធ្វើបាន ទៅរកកន្លែងមួយ។ យើងគួរតែដឹងថា មានអ្វីកើតឡើងខ្លះនៅខាងក្រៅប្រទេសយើង ហើយនាំមកវិញនូវបទពិសោធន៍ល្អៗសម្រាប់ជីវិតរបស់យើង។ នេះគឺជាអ្វីដែលខ្ញុំចង់និយាយ»។ លោក Honda បញ្ជាក់។

ក្រោយពីចែករំលែកបទពិសោធន៍ និងការជំរុញខាងលើ អតីតសមាជិកក្រុមសាំម៉ូរ៉ៃជប៉ុនរូបនេះ បានលើកទឹកចិត្តឲ្យកូនក្រុមត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថានល្ងាចនេះ ដើម្បីប្រជែងយក ៣ពិន្ទុត្រឡប់មកមាតុភូមិវិញឲ្យខានតែបាន៕