(បរទេស)៖ នៅសល់ពេលប៉ុន្មានខែទៀតប៉ុណ្ណោះ ពេលវេលាដែលគេរំពឹងខ្ពស់ថានឹងឃើញវត្តមាន iPhone 14 Series ជំនាន់ថ្មីនឹងមកដល់ ពោលគឺអាចអំឡុងខែកញ្ញាខាងមុខនេះនោះឯង។ ខណៈពេលវេលាកាន់តែជិតមកដល់ ថ្មីៗនេះប្រភពពីអ្នកវិភាគលោក Ming-Chi Kuo បានបង្ហាញថាស្មាតហ្វូនជំនាន់ថ្មីនោះនឹងមកជាមួយការ upgrade កាមេរ៉ាមុខដ៏ធំបំផុតចាប់តាំងពី iPhone 11 មក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោក Ming-Chi Kuo បានបញ្ជាក់ដែលថា កាមេរ៉ាមុខរបស់ iPhone 14 នឹង upgrade ទៅមុខងារ Auto-Focus (AF) ដែលជាការផ្លាស់ប្តូរចេញពីមុខងារ Front-Facing (FF) ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។ ហើយការអាប់ដេតដ៏ធំនេះវានឹងមកដល់ជាមួយនឹង Lens ទំហំ 6P (បើធៀបនឹងទំហំ 5P បច្ចុប្បន្ន) ដែលនឹងរួមចំណែកដល់គុណភាពរូប រួមជាមួយនឹងកម្រិត Aperture f/1.9 ដែលនេះ គឺជាការ upgrade យ៉ាងខ្លាំងបើធៀបជាមួយនឹងស្មាតហ្វូន iPhone ជំនាន់មុនៗ ដែលមានកាមេរ៉ាបំពាក់មុខងារត្រឹម fixed focus selfie ដែលមាន f/2.2 apertures ប៉ុណ្ណោះ។

តាមការឱ្យដឹងខាងលើនេះ កាមេរ៉ាខាងមុខរបស់ iPhone 14 ប្រហែលជាមានភាពខុសប្លែកគ្នាខ្លាំងផងដែរ ដែលទំនងជាមានផ្លាស់ប្តូរជាមួយនឹង pill-shaped cutout ជំនួសឱ្យស្នាមរន្ធរបស់ iPhone នាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញប្រភពក៏បានបង្ហាញពីអ្នកផ្គត់ផ្គង់ដែលបានឈ្នះការដេញថ្លៃក្នុងការផលិតផ្នែកខ្លះរបស់ Apple ផងដែរ ដោយក្នុងនោះរួមមាន Cowell, Genius, Alps និង Luxshare។ ខណៈដែល Genius ជាអ្នកដែលផ្គត់ផ្គង់ទៅលើ Lens កាមេរ៉ា ចំណែកឯ LG Innotek និង Cowell ជាអ្នកផ្គត់ផ្គង់ទៅលើឧបករណ៍ CCM៕