(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន១០ ដោយនាំយកនូវឱកាសការងារចំនួន ១៣៧៧ កន្លែង។ វេទិកាការងារប្រចាំខែនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខានស្អែកនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ AEON Cambodia Co.Ltd, Prudential, Land of home EL&H, Dai-ichi Life, Canadia Bank, LEDA Capital Plc, UDAYA Technology, Century 21, Prime MF Microfinance Institute Ltd និង មីក្រូហិរញ្ញវត្ថុចម្រើន ម.ក។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការបង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ិអេ ខ្មែរ)៕