(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Zone កញ្ញា អេង ស្រីអូន បានធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបនាងខ្លាំង ក្នុងរយៈកាលប៉ុន្មានខែចុងក្រោងនេះ តាមរយៈការបញ្ចេញបទចម្រៀង មានអត្ថន័យចាក់ដោតចំបេះដូងអ្នកស្ដាប់ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងលោតឡើងក្រឺតៗគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងបទមួយមានចំណងជើងថា «មេម៉ាយស្រួលចិត្ត» ដែលបានបញ្ចេញកាលពីដើមខែកន្លងទៅ កំពុងតែទទួលបានការគាំទ្រ និងពេញនិយមខ្លាំងក្នុងបណ្ដាញសង្គម Tik Tok ខណៈបទនេះបានអត្ថន័យលើកទឹកចិត្ត ដល់ស្រ្តីមេម៉ាយគ្រប់រូប ឲ្យចេះតស៊ូក្នុងជីវិត ធ្វើអ្វីៗឲ្យសប្បាយចិត្ត ពេលគ្មានស្វាមី។

លោក អ៊ុច រ៉ាវុឌ្ឍ ចាងហ្វាងផលិតកម្ម Zone បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា បទចម្រៀង «មេម៉ាយស្រួលចិត្ត» ដែលបកស្រាយដោយតារាចម្រៀង អេង ស្រីអូន គឺបានបញ្ចេញនៅលើបណ្ដាញសង្គម អស់រយៈពេលជាង១ខែមកហើយ ប៉ុន្តែទើបតែរយៈពេលបានប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដែលមានការល្បីល្បាញខ្លាំង រហូតដល់មានបុគ្គលល្បីៗជាច្រើនរូប ដូចជាអ្នកស្រី ទ្រី ដាណា, កញ្ញា សុខលីន, តារាចម្រៀងអ្នកនាង ម៉ូលីកា និងបុគ្គលល្បីៗជាច្រើនទៀត យកទៅច្រៀង និងសម្ដែងតាម ដើម្បីបង្ហោះក្នុងបណ្ដាញសង្គមរៀងៗខ្លួនទៀតផង។

លោក អ៊ុច រ៉ាវុឌ្ឍ បានបន្តទៀតថា បទចម្រៀងនេះនិពន្ធទំនុកច្រៀង និង Melody ដោយ ឡុង សំណាង និងបទភ្លេងដោយ ប៊ុនធឿន វិសាល។ បទនេះមានអត្ថន័យ លើកទឹកចិត្តស្ត្រីមេម៉ាយគ្រប់រូបឲ្យចេះរៀបចំខ្លួន ធ្វើខ្លួនឲ្យសប្បាយចិត្ត និងជាបង្គោលគ្រួសារដ៏រឹងមាំ កុំទន់ជ្រាយពេលដែលគ្មានស្វាមីនៅក្បែរ ហើយមូលហេតុដែលផលិតកម្មធ្វើបទនេះឡើង គឺត្រូវនឹងទឹកដមសំឡេងរបស់តារាចម្រៀង អេង ស្រីអូន និងត្រូវទៅនឹងជីវិតរស់នៅរបស់មនុស្សក្នុងសង្គមផងដែរ។

ចាងហ្វាងផលិតកម្ម Zone រូបនេះបន្តថា ជាការពិតបទចម្រៀងនេះ មិនមែនមានន័យ ឲ្យស្ត្រីទាំងអស់ដែលកំពុងរស់នៅជួបជុំគ្រួសារ មានចិត្តចង់លែងលះប្ដី ដើម្បីធ្វើឲ្យសប្បាយនោះទេ ពោលគឺគ្រាន់តែជាផ្នែកមួយនៃសង្គម ដើម្បីផ្ដល់នូវការគិតពិចារណា នៅពេលណាដែលស្ត្រីម្នាក់ណាមួយធ្លាក់ខ្លួនជាស្រីមេម៉ាយប៉ុណ្ណោះ។ លោកថាសម្រាប់តារាចម្រៀង អេង ស្រីអូន ក្រៅពីបទ «មេម៉ាយស្រួលចិត្ត» រូបនាងក៏នៅមានបទចម្រៀងមួយចំនួនទៀត ដូចជាបទ «អូនមិនមែនជាធនាគារ», «ត្រឹមស្រីចិញ្ចឹម» និងបទ «ហួសពេលស្ដាយក្រោយ» ព្រមទាំងបទមួយចំនួនទៀត ដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីមហាជនទូទៅ៕