(ភ្នំពេញ)៖ កីឡាករចំបាប់ ហេង វុទ្ធី បានប្ដេជ្ញានឹងខិតខំប្រឹងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដោយខ្លួនបានដាក់គោលដៅនឹងព្យាយាមដណ្ដើមមេដាយឲ្យបានលើសពីមេដាយសំរឹទ្ធ ដែលខ្លួនដណ្ដើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្មីៗ។

ការលើកឡើងនេះបន្ទាប់ វុទ្ធី និងមិត្តរួមក្រុម ៣រូបទៀត រួមមានកីឡាករ កែវ សុភ័ក្ដ្រ, កីឡាការិនី ឌិន សំណាង និង ជា កញ្ញា បានទទួលការឧបត្ថម្ភអាហារបំប៉នពីក្រុមហ៊ុន Unicity ក្រោមកិច្ចសហការរយៈពេល ១ឆ្នាំ នៅថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីរួមចំណែកជំរុញការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជាឲ្យមានគុណភាពកាន់តែប្រសើរ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

អ្នកលេងកីឡាចំបាប់វិញ្ញាសា Freestyle ទម្ងន់ ៨៦គីឡូក្រាមខាងលើ បានបញ្ជាក់ថា «សម្រាប់ការប្រកួតស៊ីហ្គេម នៅវៀតណាម ខ្ញុំធ្វើមិនទាន់បានល្អនោះទេ។ ដូច្នេះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលសល់ពេលជិត ១ឆ្នាំទៀតនេះ ខ្ញុំប្ដេជ្ញានឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ពិសេសក្នុងនាមម្ចាស់ផ្ទះ ខ្ញុំប្ដេជ្ញានឹងព្យាយាមដណ្ដើមមេដាយជូនជាតិឲ្យបានលើសពីមេដាយសំរឹទ្ធ ដែលខ្ញុំទទួលបាននៅប្រទេសវៀតណាម»

ទន្ទឹមជាមួយគ្នា កីឡាករ ហេង វុទ្ធី ក៏បានអរគុណក្រុមហ៊ុនដៃគូឧបត្ថម្ភកីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជាខាងលើ ដ្បិតរូបនេះ ចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយវិស័យកីឡា ពិសេសប្រភេទកីឡាប្រយុទ្ធ ដែលទាមទារអាហារបំប៉នមានគុណភាព និងមិនមានផលប៉ះពាល់ ដើម្បីជំរុញឲ្យការហ្វឹកហាត់កាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមរំឮកថា ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្មីៗ សម្រាប់កីឡាចំបាប់កម្ពុជា គឺដណ្ដើមបានមេដាយ ៦គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤គ្រឿង៕