(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour នឹងដង្ហែមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងមានការអញ្ជើញទទួលស្វាគមន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាពទៀតផង។

ទន្ទឹមជាមួយដំណើរគោលចររបស់ពានរង្វាន់បាល់ទាត់ពិភពលោកពិត ឬពានមាសសុទ្ធ ដែលត្រៀមបង្ហាញវត្តមានលើកដំបូង នៅកម្ពុជានេះ មានបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់មួយចំនួន បានចោទជាចម្ងល់ថា តើហេតុអ្វីបានជាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) សម្រេចជ្រើសរើសកម្ពុជា ដើម្បីដង្ហែពាននេះ?

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្យល់ថា មានហេតុផលជាច្រើន មុន FIFA សម្រេចជ្រើសរើសប្រទេសនីមួយៗ ដើម្បីដង្ហែពានមាសសុទ្ធខាងលើ រួមទាំងកម្ពុជាផងដែរ៖

ទី១៖ ការពិនិត្យ និងការចាប់ឆ្នោតយកប្រទេស ។ បន្ទាប់ពីការពិនិត្យ និងចាប់ឆ្នោតរួច កម្ពុជា បានជាប់ស្ថិតក្នុងចំណោម ៥១ប្រទេស ដែល FIFA ត្រូវដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកឆ្លងកាត់ មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា ។

ទី២៖ ការពិនិត្យលើសក្ដានុពលផ្នែកកីឡាបាល់ទាត់ ក៏ដូចជាពិនិត្យមើលប្រទេសដែលកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រមួយចំនួន ដើម្បីជួយ ជាក់ស្ដែងភាគច្រើនប្រទេសនៅអាហ្វ្រិក ។

ទី៣៖ ក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនដៃគូរបស់ FIFA ក្នុងការដង្ហែពាននេះ ទៅគ្រប់បណ្ដាប្រទេស ក៏ជាផ្នែកមួយនៃការសម្រេចចិត្តក្នុងការជ្រើសរើសប្រទេសនេះដែរ ។

ជារួមគោលដៅ FIFA ជ្រើសរើសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ ដើម្បីរៀបចំដង្ហែពាននេះ ធ្វើឡើងក្រោមហេតុផលជាច្រើន ក្នុងនោះក៏មានការពិនិត្យទៅលើកត្ដាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពផងដែរ ព្រោះកន្លងមកពាននេះ ធ្លាប់មានករណីលួច និងបាត់បង់ចំនួន ២លើកមកហើយ កាលពីឆ្នាំ១៩៦៦ នៅអង់គ្លេស និងឆ្នាំ១៩៨៣ នៅប្រេស៊ីល ។ ប៉ុន្ដែកម្ពុជា ដោយសារមានសន្ដិភាព សុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ទើបកម្ពុជាអាចទទួលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះបាន ។ លោក វ៉ាត់ ចំរើន បន្ថែម ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បន្ដថា គោលបំណងសំខាន់ៗ នៃការដង្ហែពាននេះ ទី១-ដើម្បីអបអរសាទរការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា នាចុងឆ្នាំ២០២២ ខាងមុខ ។ ទី២-លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិក FIFA និងជំរុញការលើកទឹកចិត្តខាងផ្នែកកីឡាបាល់ទាត់ ដែលជាកីឡា ត្រូវបានចាត់ទុកជាការរួមចំណែកអភិវឌ្ឍន៍យុវជន និងសង្គម និងទី៣-ការគាំទ្រដល់រាជរដ្ឋាភិបាលប្រទេសនីមួយៗ ឲ្យស្រលាញ់ចូលចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានេះ ។

ប៉ុន្ដែសម្រាប់កម្ពុជា ការដង្ហែពានមានតម្លៃប្រមាណ ២០លានដុល្លារនេះ គឺជាការលើកទឹកចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មានន័យថា ជាការអបអរសាទរ និងជំរុញឲ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និងទទួលបានការគាំទ្រជាសកលថែមទៀត ។ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធ មានកាតព្វកិច្ចរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព និងធ្វើឲ្យកេរ្ដិ៍ឈ្មោះកម្ពុជាលេចត្រដែតលើឆាកអន្ដរជាតិថែមទៀត ។

លោកបន្ថែមថា «រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យពានរង្វាន់បាល់ទាត់ពិភពលោកនេះ ឆ្លងកាត់មកដល់កម្ពុជា គឺដើម្បីជួយផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយឲ្យមើលឃើញអំពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំកម្មវិធីកីឡា និងទទួលព្រឹត្តិការណ៍កីឡាសំខាន់ៗ ។ ការណាការដង្ហែពាននេះ មានសុវត្ថិភាព មានសន្ដិសុខសណ្ដាប់ធ្នាប់ល្អ វាគឺជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អ ជួយកម្ពុជា ក្នុងការធ្វើស៊ីហ្គេម និងទទួលភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ នៅឆ្នាំ២០២៣ ដោយភាពកក់ក្ដៅ គ្មានក្ដីបារម្ភអ្វីទាំងអស់»

សូមបញ្ជាក់ថា ពានរង្វាន់ FIFA World Cup Trophy Tour នឹងដង្ហែមកដល់កម្ពុជា នាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តាមយន្ដហោះពិសេស “Private Jet” ។ បន្ទាប់មកនឹងដង្ហែពាននេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ដែលនឹងទទួលស្វាគមន៍ និងលើកពាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន មុននាំពាននេះ ទៅដាក់តាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពាន ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ថ្ងៃដដែល៕