(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បានរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិកផ្នែកលក់ប្រចាំនៅគ្រប់ខេត្ត-ក្រុង លើប្រធានបទ «ច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរដោយសុវត្ថិភាព» ដែលចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកឧត្តមសេនីយ៍ត្រី ថី វិសាល អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងវគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បុគ្គលិកផ្នែកលក់របស់ ខ្មែរ ប៊ែវើរីជីស ដែលធ្វើការជាប្រចាំនៅគ្រប់ខេត្ត-ក្រុងចំនួន ២៨២នាក់ បានចូលរួម ដើម្បីសិក្សាបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរប្រកបដោយសុវត្ថិភាព ព្រោះបុគ្គលិកផ្នែកលក់ទាំងអស់ធ្វើការបើកបរលើដងផ្លូវជាញឹកញាប់ និងរៀងរាល់ថ្ងៃ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «លើសពីការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិក ខ្មែរ ប៊ែវើរីជីស តែងតែរកមធ្យោបាយនានា ដើម្បីធានាថា គ្រប់បុគ្គលិករបស់យើងទាំងអស់ទទួលបានសុខសុវត្ថិភាពនៅគ្រប់កាលៈទេសៈ ជាក់ស្តែកដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះក្ដី»

គួរបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាពបុគ្គលិកនិងអ្នកធ្វើដំណើរផ្សេងទៀត ខ្មែរ ប៊ែវើរីជីស បានង្កើនប្រសិទ្ធភាពទៅលើ ច្បាប់ជួយសង្គ្រោះជីវិត Life Saving Rule តាមរយៈការប្រើប្រាស់កម្មវិធី Safety Culture App នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឲ្យបុគ្គលិកទាំងអស់រាយការណ៍បានភ្លាមៗពីករណីសុវត្ថិភាពផ្សេងៗ៕