(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 បន្ទាប់ពីប្រកួតស្មើជាមួយអាហ្វហ្គានីស្ថាន ២-២ ក្នុងជំនួបបង្គ្រប់កិច្ចនៃពូល D នាព្រលប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា។

ការប្រកួតចុងក្រោយរវាងក្រុមទាំងពីរនេះ អាហ្វហ្គានីស្ថានបានស៊ុតបំប៉ោងសំណាញ់ទីកម្ពុជា ២គ្រាប់មុន ដោយកីឡាករ Faysal Shayesteh នៅនាទី១៦ និងសមាជិកក្រុមបឹងកេត Mustafa Zazai នៅនាទី៣៥ មុនកីឡាករ ប្រាក់ ធីវ៉ា រកបាន ១គ្រាប់ឲ្យគោព្រៃវិញនៅនាទី៣៧ នៃវគ្គទី១។

ចូលវគ្គទី២ ក្រុមគោព្រៃកម្ពុជា បានព្យាយាមវាយសម្រុកខ្លាំង ពិសេសនៅចុងម៉ោងដោយកីឡាករ កែវ សុខផេង បានតែតបញ្ចូលទីគ្រាប់តាមស្មើ ២-២ ឲ្យកម្ពុជាវិញនៅនាទី៨១ រួមជាមួយឱកាសស៊ុតជាច្រើនលើក តែធ្វើមិនបានសម្រេចរហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោងតែម្ដង។

ជាមួយការប្រកួតស្មើគ្នានេះបានធ្វើឲ្យកម្ពុជា និងអាហ្វហ្គានីស្ថាន ទទួលបានត្រឹម ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 នៅលើទឹកដីឥណ្ឌានេះ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ស្មើ១ និងចាញ់២ប្រកួតដូចគ្នា។ រីឯក្រុមស្ថិតក្នុងពូលជាមួយកម្ពុជា និងអាហ្វហ្គានីស្ថាន ដែលនៅមានឱកាសឡើងជុំផ្ដាច់ព្រ័ត្រ គឺឥណ្ឌា និងហុងកុង ដោយក្រុមទាំងពីរ នឹងត្រូវជួបគ្នាដណ្ដើមកៅអីកំពូលតារាងនាវេលាម៉ោង ១០យប់នេះ៕