(ម៉ូនិច)៖ ក្លិបបាល់ទាត់ហូឡង់ Ajax និងក្លិបអាល្លឺម៉ង់ Bayern Munich បានព្រមព្រៀងគ្នា ក្នុងការផ្ទេរកីឡាករ Ryan Gravenberch នៅថ្ងៃចន្ទ, ជាមួយនឹងខ្សែបម្រើវ័យ២០ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយលេងរហូតដល់ឆ្នាំ២០២៧, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

Gravenberch បានចុះកិច្ចសន្យា លេងនៅក្លិប Ajax រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣។ យោងតាមក្លិប Ajax, កិច្ចសន្យាផ្ទេរដែលមានតម្លៃ១៨.៥លានអឺរ៉ូ (១៩.៤លានដុល្លារ) នេះ, អាចកើនឡើងដល់២៤លានអឺរ៉ូ ដោយរួមបញ្ចូលទាំងប្រាក់រង្វាន់លើកទឹកចិត្ត។

គួររំលឹកថា កាលពីខែមុន, Bayern ក៏បាននាំយកកីឡាករ Noussair Mazraoui មកពីក្លិប Ajax ផងដែរ។ ខ្សែការពារស្តាំ វ័យ២៤ឆ្នាំរូបនេះ បានផ្លាស់ទៅលេងនៅក្លិប Bayern លើការផ្ទេរដោយឥតបង់ប្រាក់ និងបានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។

ផ្តើមចេញពីសាលាបណ្តុះបណ្តាលយុវជនរបស់ក្លិប Ajax, កីឡាករ Gravenberch បានបង្ហាញខ្លួនលេងជាលើកដំបូង ក្នុងក្រុមជម្រើសដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងជំនួបប៉ះក្រុម PSV។ លោកបានលេង១០៣ប្រកួត សម្រាប់ក្លិប Ajax ដែលលោកបានស៊ុតបញ្ចូលទី១២គ្រាប់៕