(ប៊ឺនលី)៖ ក្លិបបាល់ទាត់ Burnley បានតែងតាំងអតីតប្រធានក្រុម Manchester City កីឡាករ Vincent Kompany ជាអ្នកចាត់ការថ្មីរបស់ពួកគេ ដើម្បីជំនួសតំណែង លោក Sean Dyche, នេះបើតាមការប្រកាសពីក្លិប ដែលលេងនៅលីគលំដាប់ទី២អង់គ្លេស Championship ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

បុរសវ័យ៣៦ឆ្នាំ ជាអតីតខ្សែការពារឆ្វេងសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានចាកចេញពីក្លិបប៊ែលហ្ស៊ិក Anderlecht កាលពីខែមុន បន្ទាប់ពី២រដូវកាល ក្នុងនាមជាគ្រូបង្គោល។

លោកបានដឹកនាំក្រុម Anderlecht ឈានដល់វគ្គផ្តាច់ព្រ័ត្រលីគ Belgian Cup កាលពីរដូវកាលមុន។

សូមជម្រាប លោក Dyche ត្រូវបានដកចេញពីតំណែង កាលពីចប់រដូវកាលមុន មុនពេលលោក Mike Jackson ឡើងកាន់តំណែងជាអ្នកចាត់ការបណ្តោះអាសន្ន។ យ៉ាងណាក៏ដោយ លោកមិនបានទទួលជោគជ័យនោះទេ ក្នុងការរក្សាក្រុម ស្ថិតក្នុងលីគ Premier League ដោយសារពួកគេបានបញ្ចប់ នៅចំណាត់ថ្នាក់ទី១៨ មាន៣៥ពិន្ទុ ពី៣៨ប្រកួត។

លោក Kompany បានបទពិសោធន៍ច្រើន ក្នុងការលេងនៅអង់គ្លេស ដោយបានធ្វើជាប្រធានក្រុមក្លិប Man City ដណ្តើមបានពានរង្វាន់ Premier League ចំនួន៤, FA Cups ចំនួន២ និងពានរង្វាន់ League Cups ចំនួន៤៕