(ដូហា)៖ FIFA World Cup ឬ World Cup ជាព្រឹត្តិការណ៍បាល់ទាត់កម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងជារៀងរាល់ ៤ឆ្នាំម្តង ក្រោយពេលបង្កើតឡើងជាផ្លូវការដំបូងក្នុងឆ្នាំ១៩៣០ មក។

ប្រទេសនៅតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយជាអ្នកធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះមុនគេ និងឈ្នះពាននេះមុនគេផងដែរ ដោយកាលនោះមានតែ ១៣ក្រុមប៉ុណ្ណោះ ដោយពុំទាន់មានរូបមន្តប្រកួតជម្រុះមកពីតាមតំបន់ដូចបច្ចុប្បន្ននេះទេ ពោលគឺមានសិទ្ធិចូលរួមតាមរយៈការអញ្ជើញឲ្យចូលរួមតែប៉ុណ្ណោះ។

យុទ្ធនាការដែលត្រូវបានរៀបចំឡើងយ៉ាងទៀតទាត់ ៤ឆ្នាំម្តងនេះ ក៏ត្រូវបានអាកខាន ២សម័យផងដែរនៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ ដោយសារសង្រ្គាមលោកលើកទី២ (World War II)។

ព្រឹត្តិការណ៍ World Cup គឺស្ថិតក្រោមការគ្រប់គ្រង និងរៀបចំដោយសហព័ន្ធបាល់ទាត់អន្តរជាតិដែលហៅកាត់ថា FIFA នៅពេលសហព័ន្ធមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៤ ដោយមានប្រទេសនៅទ្វីបអឺរ៉ុបចំនួន៨ មានដូចជាបារាំង ប៊ែលហ្សិក ដាណឺម៉ាក អាល្លឹម៉ង់ ហូឡង់ អេស្ប៉ាញ ស៊ុយអែត និងស្វីស នៅពេលការិយាល័យកណ្តាលបច្ចុប្បន្នគឺស្ថិតក្នុង ទីក្រុង Zurich ប្រទេសស្វីស ដែលលោក Gianni Infantino ជាប្រធាន។

ក្រោយពីទទួលបានជោគជ័យពីការរៀបចំជាបន្តបន្ទាប់ និងផ្អែកតាមបទពិសោធផងនោះ FIFA បានបន្ថែមក្រុមលេងនៅ World Cup កើនដល់ ៣២ក្រុមដល់បច្ចុប្បន្ន ដោយត្រូវលេងជម្រុះតាមតំបន់នីមួយៗរយៈពេល ២ឆ្នាំផងដែរ ឡើងមកប្រកួតជុំចុងក្រោយវគ្គចែកពូលមកពី ៦តំបន់មានដូចជា អាស៊ី (AFC), អូសេអានី (OFC), អាមេរិកខាងត្បូង (CONMEBOL), អាមេរិកខាងជើង (CONCACAF), អាហ្រ្វិក (CAF) និងតំបន់អឺរ៉ុប (UEFA) ដែលមានជាង ២០០ប្រទេសជាសមាជិករបស់ FIFA នៅលើសកលលោក។

គ្រប់ប្រទេស គ្រូបង្វឹក និងកីឡាករសុទ្ធតែប្រាថ្នាចង់ស្គាល់រសជាតិពាន World Cup ដែលធ្វើពីមាសសុទ្ធមានទម្ងន់ជាង ៦គីឡូក្រាម ដែលតែងតែធ្វើពិធីដង្ហែជាង ៥០ប្រទេសនៅជុំវិញពិភពលោករយៈពេល ១ឆ្នាំមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់ផ្តើមផងដែរ។

កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសដែលត្រូវបាន FIFA ជ្រើសរើសលើកដំបូង ដើម្បីដង្ហែពាន World Cup នេះដែរ ក្រោយរៀបចំបាន ២១លើកមកនេះ ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅទទួលពាន នេះដោយផ្ទាល់ទៀតផងនាព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២៕