(ភ្នំពេញ)៖ ក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ កំពុងវាយលុយខ្លាំង តារាចម្រៀង ម៉ូលីកា បានបាត់មុខមួយរយៈធំ ទាំងការបង្ហាញខ្លួនជាសាធារណៈក្នុងកម្មវិធីនានា និងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលអ្នកគាំទ្ររូបនាង ក៏មិនបានដឹងច្បាស់ថា នាងកំពុងលាក់ខ្លួនសំងំធ្វើអ្វីនោះដែរ។ យ៉ាងណាមិញ នៅពេលនេះអតីតតារាចម្រៀង ម៉ូលីកា បានបង្ហាញវត្តមានឡើងវិញ ក្នុងសភាពស្អាតប្លែកខុសពីធម្មតា មើលមិនចង់ស្គាល់ ហើយត្រូវបានគេទម្លាយថា នាងសំងំកែសម្ផស្សឲ្យស្អាតប្លែក ស្របទៅតាមអ្វីដែលជាក្ដីប្រាថ្នារបស់នាង។

តារាចម្រៀង ម៉ូលីកា បានទទួលស្គាល់ថា ពេលនេះនាងស្កប់ស្កល់ពេញចិត្តនូវរូបសម្រស់របស់ខ្លួន ព្រោះនៅឆ្នាំ២០២២ នេះទាំងផ្ទៃមុខ ដងខ្លួន និងរូបរាង គឺដូចអ្វីដែលនាងមានក្ដីស្រមៃចង់បានពីមុន ព្រោះស្វាមីពេញចិត្ត និងស្រឡាញ់នាងខ្លាំង ហើយមិត្តភក្ដិនៅជុំវិញខ្លួនពួកគេក៏លាន់មាត់ថា នាងកើនតែអាយុពីមួយឆ្នាំទៅមួយឆ្នាំ តែរូបសម្រស់ក្មេងជាងវ័យ។ ទោះជាយ៉ាងណាជុំវិញការប្រែប្រួលរូបឆោម កាន់តែទាក់ទាញប្លែក នារយៈពេលចុងក្រោយនេះ ម៉ូលីកា សារភាពថា នាងមានអ្នកនៅក្រោយខ្នង បានជាធ្វើឲ្យនាងមានទំនុកចិត្តខ្ពស់ដល់ម្ល៉ឹង។

ថ្លែងប្រាប់ Fresh News Plus តារាចម្រៀង ម៉ូលីកា និយាយដោយមិនលាក់លៀមថា សម្រស់របស់នាងពេលនេះ នាងមានអារម្មណ៍ជឿ ជាក់ខ្លាំង និងមើលទៅស្អាតប្លែកជាងមុន ហើយដោយសារតែនាងទៅទទួលសេវាកម្ម រក្សារសម្ផស្សពីគ្លីនិកឯកជនមួយ ហើយនាងសូមសរសើរលោកដុកទ័រ នៅទីនោះ ដែលធ្វើឲ្យសម្រស់របស់នាងពិតជាដូចអ្វីដែលប៉ងប្រាថ្នា។ នាងនិយាយថា «ឥឡូវខ្ញុំសប្បាយចិត្ត ព្រោះប្ដីកាន់តែស្រឡាញ់ ហើយទៅណាមកណាគេថា ស្អាតជាងមុន អ៉ីចឹងយើងជឿជាក់លើខ្លួនឯងខ្លាំង ព្រោះតែលោកដុកទ័រ Camille»

តារាចម្រៀង ម៉ូលីកា ត្រូវបានគេដឹងថា នាងបានកែច្រមុះ និងទម្រង់មុខ ហើយគេឃើញនាងមានភាពប្រែប្រួលប្លែកដាច់ឆ្ងាយ ក្រោយពីវះកាត់កែរួច ទើបធ្វើឲ្យនៅពាក់កណ្ដាលឆ្នាំ២០២២ នេះ ម៉ូលីកា ពេញចិត្តនូវសម្រស់របស់នាងកាន់តែខ្លាំង ហើយធ្វើឲ្យអាជីវកម្មតាម Online របស់នាងរឹតតែមានអតិថិជនគាំទ្រ នាំឲ្យមុខជំនួញរបស់នាងកាក់កបជាងមុនថែមទៀត ក្រោយស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់វិញ។ យ៉ាងណាមិញ ម៉ូលីកា បានសង្កត់ថា សម្រស់មិនអាចចាំ និងស្ថិតស្ថេរបាននោះទេ ហេតុនេះនាងត្រូវតែរកអ្នកជំនាញរូបណា ដែលជាទីទំនុកចិត្តខ្ពស់ ដើម្បីឲ្យខ្លួនឯងលែងមានក្ដីកង្វល់ ពីរឿងខ្លាចមិនស្អាតតទៅទៀត។

សូមបញ្ជាក់ថាម៉ូលីកា ដែលជាថៅកែស្រីហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ស្ថិតក្នុងចំណោមអ្នកលក់ Online ដ៏លេចធ្លោម្នាក់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យនាងប្រែប្រួលជីវភាពស្ទើរតែទាំងស្រុង ដោយមានផ្ទះវីឡារស្អាតរស់នៅ និងជិះរថយន្ដទំនើបៗ ក្រោយនាងរៀបការជាមួយតារាសម្ដែង ហុង មានុណ ជាង២ឆ្នាំ និងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ នុណ ច័ន្ទម៉ូនីតា អាយុជិត២ឆ្នាំ។ អតីតតារា Rock រូបនេះក៏ធ្លាប់ធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើនលើកច្រើនសារ តាមរយៈការជួយដល់សិល្បៈ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមួយចំនួន ទើបធ្វើឲ្យនាងមានការគាំទ្រនៅលើបណ្ដាញសង្គម រហូតមកដល់បច្ចុប្បន្ន៕