(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែមនូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីខ្លោងទ្វារ។

ការងារទាំងនោះមានដូចជាការងារដាប់ឆ្លាក់សសរពេជ្រទាំង៤ជ្រុងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ដែលបាត់បង់ និងខូចខាតមិនអាចប្រើវិញបាន ក្នុងនោះក្រុមការងារក៏បានដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និងបិទបាយអរត្រង់ចន្លោះមុខតំណថ្មដំបូលជៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យដល់គ្រឹះប្រាសាទ ព្រមទាំងកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណខ្លោងទ្វារ។

លោក ថៃ ឌីយ៉ាម៉ង់ ស្ថាបក្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការជួសជុលរយៈពេល១ខែ ដែលចាប់ដំណើរការនៅដើមខែមិថុនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ចុងខែមិថុនាខាងមុខនេះ។ អ្នកជំនាញរូបនេះបន្តទៀតថា ការជួសជុលបានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ចម្លាក់សសរពេជ្រដែលប្រើប្រាស់ថ្មថ្មីជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូល និងបិតភ្ជាប់មុខតំណថ្ម ការពារជម្រាបទឹកភ្លៀង ក្នុងនោះក៏មានរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណតួខ្លោងទ្វារជាដើម។

លោក ថៃ ឌីយ៉ាម៉ង់ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការងារទាំងនេះរួចរាល់នឹងបង្កើនសោភ័ណភាពប្រណិតមួយកម្រិតទៀត ពិសេសធានាបាននូវភាពគង់វង្សយូរអង្វែងរបស់ខ្លោងទ្វារប្រាសាទតានៃនេះផង។

សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃ ចាប់ផ្តើមតាំងពីឆ្នាំ២០១៩ និងបានបញ្ចប់នៅចុងឆ្នាំ២០២០កន្លងទៅ។ បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ពន្ធរទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬស និងដើមឈើធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើម បណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង ហើយការជួសជុលនេះគឺដោយប្រើបច្ចេកទេស Anastylosis (ការផ្គុំដំឡើងឡើងវិញ)៕