(បាត់ដំបង)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសម្ភោធសាខារបស់ខ្លួនជាផ្លូវការនៅក្នុងខេត្តបាត់ដំបង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែង។

ការបើកសាខានេះ នឹងអនុញ្ញាតឱ្យប្រជាជននៅក្នុងខេត្តទាំងមូល ទទួលបាននូវការប្រឹក្សាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដែលមានការផ្តល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (DLHD) ហើយក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន និងមានប្រវត្តិជោគជ័យជាង ១២០ឆ្នាំ។

ដោយមានវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩មក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ កម្ពុជា បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស ហើយក្រុមហ៊ុនបានចែកចាយផលិតផលរបស់ខ្លួនទៅគ្រប់បណ្តាញចែកចាយទាំងអស់។

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ កម្ពុជា បានថ្លែងថា «យើងពិតជារីករាយដែលបានបើកសាខារបស់យើងនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលមានការរីកចម្រើនបំផុត និងជាក្រុងដែលធំជាងគេទីពីរក្នុងប្រទេសកម្ពុជា។ យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយកសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ និងគួរឱ្យទុកចិត្តរបស់យើងពីប្រទេសជប៉ុនមកបម្រើជូនប្រជាជនក្នុងប្រទេសកម្ពុជា។ យើងមានគោលបំណងផ្តល់ភាពស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុជូនដល់គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ»

លោក អាឡិន ថៃ បានបន្ថែមថា «ការបើកសាខាថ្មីរបស់យើងនៅខេត្តបាត់ដំបងក៏ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះប្រទេសកម្ពុជា។ ទស្សនៈរបស់យើងគឺតែងតែនៅក្បែរអតិថិជនជានិច្ច។ អ្នកប្រឹក្សាធានារ៉ាប់រងរបស់យើងបានខិតខំប្រឹងប្រែង និងត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង»

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (ដាយ អ៉ិឈិ ឡាយហ្វ៍) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (DLHD) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេល១២០ឆ្នាំ។ DLHD គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈរបស់យើង «អតិថិជនជាចម្បង»។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០)៕