(ដូហា)៖ ប្រទេសកូស្តារីកា ជាក្រុមចុងក្រោយគេទី៣២ ដែលបានឈ្នះកៅអីទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ លើកទី២២ នៅប្រទេសកាតា បន្ទាប់ពីទម្លាក់គូប្រជែងណូវែលហ្សេឡង់ក្នុងលទ្ធផល ១ទល់នឹង០ នារាត្រី ឆ្លងចូលថ្ងៃពុធ ទី១៥ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា)។

ខ្សែបម្រើប្រយុទ្ធ Joel Campbell អតីតកីឡាករក្លិប Arsenal ជាអ្នករកបានគ្រាប់ជ័យជម្នះត្រឹមចាប់ផ្តើមលេងបាន ៣នាទីប៉ុណ្ណោះនៅក្នុងកីឡដ្ឋាន ដែលស្ថិតក្នុងទីក្រុង Doha ប្រទេសកាតានៃជំនួបអន្តរទ្វីប Intercontinental រវាងណូវែលហ្សេឡង់ដែលមកពីតំបន់អូសេអានី (OFC) ទល់នឹងកូស្តារីកា ដែលមកពីតំបន់អាមេរិកខាងជើង (CONCACAF) នៅពេលកូស្តារីកា ក៏បានដាក់កីឡាករចាំទី Keylor Navas ដែលកំពុងប្រកបអាជីពនៅក្លិបបារាំង Paris Saint-Germain លេងពេញម៉ោង ៩០នាទីផងដែរ។

កូស្តារីកា នឹងទៅបំពេញពូល E ជាមួយក្រុមសាម៉ូរៃជប៉ុន រួមទាំងក្រុមខ្លាំងគោជល់អេស្ប៉ាញ និងឥន្រ្ទីដែកអាល្លឺម៉ង់ នៅពេល World Cup 2022 នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូនៅប្រទេសកាតាតែមួយគត់។

កូស្តារីកា ដែលស្ថិតក្នុងលេខរៀងទី៣១ នៅ World FIFA Ranking នោះ បានឈ្នះកៅអីទៅលេង World Cup ជាលើកទី៦ ជាប្រវត្តិសាស្រ្តរបស់ពួកគេ និងជាលើកទី៣ ជាប់ៗគ្នាផងដែរ គិតចាប់តាំងពីឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលមក៕