(បរទេស)៖ កាលពីខែឧសភាកន្លងទៅក្រុមហ៊ុន Microsoft ធ្លាប់បានប្រកាសជាផ្លូវការហើយថា ខ្លួននឹងឈប់គាំទ្រកម្មវិធី Internet Explorer សម្រាប់ Window 10 ទៀតហើយ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ មានន័យថាថ្ងៃនេះដល់ពេលវេលាដែល Microsoft សម្រេចចិត្តបញ្ចប់ជីវិតកម្មវិធីនេះហើយ ហើយសម្រាប់អ្នកដែលចូលចិត្តប្រើ Internet Explorer អាចគិតគូរងាកទៅប្រើ Browser ផ្សេងបាន។

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Engadget នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

យ៉ាងណាមិញសម្រាប់អ្នកដែលប្រើប្រាស់ Window 10 នឹងមិនអាចប្រើប្រាស់ Internet explorer ទៀតបានឡើយ ដោយពេលដែលបើក Browser មួយនេះវា នឹងប្តូរទៅ Microsoft Edge ជំនួសវិញ។ អីចឹងសម្រាប់អ្នកដែលចង់ប្រើប្រាស់ Browser របស់ Microsoft គឺមានជម្រើសតែមួយគត់នោះគឺ Microsoft Edge ហ្នឹងឯង ឬមួយក៏អ្នកប្រើប្រាស់អាចគិតគូរទៅប្រើប្រាស់ Browser ល្បីៗផ្សេងទៀតបានរួមមាន Google Chrome និង Mozilla Firefox។

ចាប់តាំងពីឆ្នាំ២០១៦ មកម្លេះដែលក្រុមហ៊ុននេះមិនបានបញ្ចេញកំណែអាប់ដេតសំខាន់ៗ ឬកំណែថ្មីៗនៃ Internet Explorer។ ដោយគិតត្រឹម Internet Explorer 11 ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៣ កើតឡើងជាកំណែចុងក្រោយ ដែលបានចេញដោយ Microsoft។ ដោយឡែកក្រុមហ៊ុនបច្ចេកវិទ្យានេះមានបំណងបញ្ចប់ជិវិត Internet Explorer តាំងពីឆ្នាំមុនមកម្លេះ ខណៈដែលគេបានបញ្ជាក់ថា អនាគតរបស់ Browser មួយនេះគឺ Edge ដោយវាមានសមត្ថភាពលឿនជាង រួមទាំងសុវត្ថិភាពខ្ពស់ជាង ថែមទាំងផ្តល់នូវបទពិសោធន៍ Browsing បែបទំនើបជាងផងដែរ។

គួរជម្រាបដែរថា Internet Explorer បានចាប់ផ្តើមដំបូងឡើយជាមួយនឹង Window 95 ហើយបានផ្តល់នូវរសជាតិដំបូងនៃគេហទំព័រដល់មនុស្សជាច្រើន ដោយវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យអ៊ីនធឺណិតពេញនិយម និងទទួលបានការគាំទ្រជាច្រើន ជាក់ស្ដែងក្នុងចំណោម Browser ទាំងអស់របស់ Internet Explorer ដែលមានចំនួនអ្នកប្រើប្រាស់ដល់ទៅ ៩៥ភាគរយឯណោះកាលពីឆ្នាំ ២០០៣៕