(ភ្នំពេញ)៖ លោក ទិត្យ ថារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការកត់សម្គាល់ឃើញថា វិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសការផលិតកុនទាំងរឿងភាគ និងរឿងដុំដាក់បញ្ចាំងក្នុងរោងភាពយន្ត គឺកំពុងតែមានសន្ទុះងើបឡើងវិញជាបន្តបន្ទាប់ ក្រោយរងគ្រោះដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែស្របពេលដែលភាពរីកចម្រើន និងកើនឡើងវិញនេះ ក្នុងវិស័យភាពយន្តក៏កំពុងជួបប្រទះ នូវបញ្ហាប្រឈមនានាមួយចំនួន ដែលតម្រូវឲ្យផលិតករភាពយន្តទាំងអស់ ត្រូវការភាពអត់ធ្មត់ តស៊ូ សហការគ្នាឲ្យបានល្អ ដើម្បីឲ្យភាពយន្តខ្មែរ មានកេរ្តិ៍ឈ្មោះល្បាញល្បីទាំងក្នុងប្រទេស និងក្រៅប្រទេស។

ការបង្ហាញចំណាប់អារម្មណ៍ និងការកត់សម្គាល់ឃើញបែបនេះ គឺក្នុងឱកាសដែលលោក ទិត្យ ថារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសម្ពោធបញ្ចាំងភាពយន្តមួយ មានចំណងជើងថា «ពេលម៉ែចាស់ទៅ» ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងរបស់កវីនិពន្ធជើងចាស់ គឺអ្នកស្រី ពាន់ ភួងបុប្ផា នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ។ ក្នុងឱកាសនោះ ក៏មានវត្តមានផលិតករ, ម្ចាស់ផលិតកម្ម, តារសម្ដែង, ភ្ញៀវកិត្តិយស និងអ្នកគាំទ្រជាច្រើននាក់ចូលរួមផងដែរ។

លោក ទិត្យ ថាវរិទ្ធ បានថ្លែងថា ជាការកត់សម្គាល់ ចាប់តាំងពីស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្បើយមក ឃើញថាការផលិតភាពយន្តដាក់បញ្ចាំងក្នុងរោងភាពយន្ត គឺមានសន្ទុះកើនឡើងវិញ ជាបន្តបន្ទាប់ ជាក់ស្ដែងថ្ងៃនេះលោកបានជួបជាមួយនឹងកវីនិពន្ធ និងជាអ្នកដឹកនាំសម្ដែងជើងចាស់ គឺអ្នកស្រី ពាន់ ភួងបុប្ផា ដែលគាត់មានវ័យចាស់ទៅហើយ ប៉ុន្តែនៅតែមានការតស៊ូផលិតភាពយន្ត ទោះបីវ័យនេះត្រូវជួបនូវការលំបាកច្រើនក្ដី ។ លោកសូមកោតសរសើរ ចំពោះការលះបង់របស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាវីរៈគំរូមួយដល់ផលិតករទាំងអស់ គួរតែសិក្សា ហើយកុំបាក់ទឹកចិត្ត ដើម្បីឲ្យវិស័យភាពយន្តខ្មែររីកចម្រើន ទៅថ្ងៃអនាគត។

អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបានបន្តថា សព្វថ្ងៃនេះបញ្ហាប្រឈម និងការប្រកួតប្រជែងធំបំផុត ក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពជា គឺការនាំចូលភាពយន្តបរទេសពីខាងក្រៅ ប៉ុន្តែសួរថា តើក្នុងនាមក្រសួងវប្បធម៌ ដែលជាអាណាព្យាបាល អាចទប់ស្កាត់នៃការហូរចូលភាពយន្តទាំងនេះបានដែរឬទេ? គឺធ្វើមិនបានទេ ព្រោះជាសេដ្ឋកិច្ចទីផ្សារសេរី យើងមិនអាចខ្ទប់ដង្ហើមរបស់គេ ដើម្បីរស់ខ្លួនឯងនោះទេ យើងមិនអាចសម្លាប់គេ ដើម្បីខ្លួនឯងនោះទេ ប៉ុន្តែយើងត្រូវរកភាពរឹងមាំ រកភាពឈរឡើងដោយខ្លួឯង ។ លោកទទូចឲ្យផលិតករទាំងអស់ ផលិតរឿងឲ្យមានគុណភាព ត្រូវសិក្សាថា តើទស្សនិកជនត្រូវការអ្វី យកបេះដូងមហាជនឲ្យបាន ជាពិសេសយុវវ័យ ហើយពេលដែលយើងធ្វើបានល្អហើយ នោះនឹងទទួលបានជោគជ័យ ទទួលបានការគាំទ្រជាក់ជាមិនខាន។

លោកអនុរដ្ឋលេខាធិការ ក៏បានទទូចដល់ផលិតករបន្ថែមទៀត មេត្តាកុំដាក់បន្ទុកទៅលើក្រសួង ឬទៅលើរោងភាពយន្ត និងស្ថាប័នពាក់ព័ន្ធណាមួយឲ្យសោះ ពេលមានបញ្ហាអ្វីមួយ ពោលគឺយើងត្រូវចូលរួម រិះរកវិធីសាស្ត្រាដោះស្រាយទាំងអស់គ្នា ដើម្បីរកចំណុចរួមណាមួយឲ្យល្អប្រសើរឡើង។ លោកមើលឃើញថា សព្វថ្ងៃនេះដោយសារតែសម័យបច្ចេកវិទ្យារីកចម្រើន ក្មេងៗខ្លះមានតែទូរស័ព្ទដៃមួយគ្រឿងសោះ តែអាចផលិតជាវីដេអូខ្លី បង្ហោះក្នុងបណ្ដាញសង្គម មានអ្នកចូលទស្សនារាប់សែននាក់។ ចុះទម្រាំតែផលិតករ មានផលិតកម្មត្រឹមត្រូវ មានកាមេរ៉ាល្អៗ មានសម្ភារៈគ្រប់គ្រាន់ មានតួសម្ដែងស្អាតៗ សង្ហាៗ មានសមត្ថភាព យើងគួរតែធ្វើកិច្ចការនេះឲ្យបានល្អ ហើយកុំរាថយ។

សូមបញ្ជាក់ថា ភាពយន្តរឿង «ពេលម៉ែចាស់ទៅ» ដែលជាស្នាដៃដឹកនាំសម្ដែងដោយអ្នកស្រី ពាន់ ភួងបុប្ផា នឹងត្រូវដាក់បញ្ចាំងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ នៅគ្រប់បណ្ដារោងភាពយន្តទាំងអស់។ ភាពយន្តនេះមានការចូលរួមសម្ដែង ដោយតារាល្បីៗដូចជា លោកស្រី ឌី សាវ៉េត, អ្នកនាង ស្វែង សុជាតា, កញ្ញា មាន សូនីតា, លោក អែតវីន, លោក យ៉ែម សំអូន, លោក ពៅ ពិសិដ្ឋ, អ្នកនាង លី ច័ន្ទសីហា, កញ្ញា យ៉ែម ស្រីពេជ្រ, កញ្ញា នីតា វរវង្ស និងតារាល្បីៗជាច្រើនដួងទៀត៕