(ភ្នំពេញ)៖ លើសពីពាន់រង្វាន់ អ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ទទួលបានឱកាសដ៏កម្រពីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការដាក់បង្ហាញពានបាល់ទាត់ពិភពលោក FIFA World Cup - Trophy Tour នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ពិធីនេះគេឃើញមានវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងថ្នាក់នាំ NOCC មួយចំនួនទៀតផង។

អ្នកគាំទ្រកីឡាបាល់ទាត់រាប់ពាន់នាក់ បានឈរតម្រង់ជួរនៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយរង់ចាំយ៉ាងអន្ទះសារ នូវឱកាសដ៏កម្របំផុតមួយក្នុងឆាកជីវិត ដើម្បីទស្សនាពានបាល់ទាត់ពិភពលោកដើម ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក FIFA World Cup - Trophy Tour នាំមកជូនដោយក្រុមហ៊ុនកូកា-កូឡា ដោយនាំយកពានដើមមកបង្ហាញជូនទស្សនា ដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រកីឡា។

ព្រឹត្តិការណ៍ដ៏ពិសេសនេះ បានចាប់ផ្តើមជាមួយនឹងការសម្ដែងស្វាគមន៍ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរា ដែលបង្កើតបរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ខ្សែការពារ ធារី ចាន់ថាប៊ីន និងអ្នកចាំទីជម្រើសជាតិលោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រកីឡាបាល់ទាត់នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូលរួមទស្សនាពានបាល់ទាត់ពិភពលោកដើមមួយនេះ។

នៅម៉ោង៣រសៀល ពេលវេលាដែលទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់សំណាង ២ពាន់នាក់ អាចចូលទៅជិតពានដែលប្រទេសនីមួយៗចង់បានបំផុតក្នុងពិភពលោក។ ជានិមិត្តរូបនៃកីឡាបាល់ទាត់ ពានបាល់ទាត់ពិភពលោក បង្កប់ទៅដោយភាពជោគជ័យ និងមោទនភាព ដោយមានតែកីឡាករឆ្នើមៗបំផុត នៅក្នុងវិស័យកីឡាបាល់ទាត់បានកាន់ពាននេះ និងមានប្រវត្តិជាច្រើនទសវត្សរ៍នៅក្នុងប្រវត្តិសាស្ត្រកីឡា។ ការមានឱកាសបានឃើញនិមិត្តរូបកីឡាដ៏ល្បីជិតបំផុតបែបនេះ គឺក្ដីជាសុបិនពិតសម្រាប់អ្នកគាំទ្របាល់ទាត់គ្រប់រូបនៅទូទាំងពិភពលោក។

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនកូកាកូឡាប្រចាំប្រទេសវៀតណាម និងកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅពហុកីឡដ្ឋានជាតិមរតកតេជោ យ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកឧបត្ថម្ភធំរបស់ FIFA ពួកយើងពិតជាមានមោទនភាព ដោយសារតែកន្លងមកពួកយើងបានពាំនាំនូវពានជាច្រើនទាក់ទងនឹងកីឡា ដូចជាពានកីឡាអូឡាំពិក ជាដើម អញ្ចឹងពួកយើងគិតថា ការនាំមកនូវពាន FIFA World Cup ពិតជាមានអត្ថប្រយោជន៍សម្រាប់កម្ពុជា»

លោក Leonardo Garcia បានបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនស្រឡាញ់វិស័យកីឡា សង្ឃឹមថានឹងពានបាល់ទាត់ផ្សេងៗទៀត មកប្រទេសកម្ពុជាម្តងទៀត។

ការបានចូលជិត និងបានមើលដោយកៀកនូវពានរង្វាន់បាល់ទាត់ដ៏អស្ចារ្យនេះ វាប្រៀបដូចជាសុបិន សម្រាប់អ្នកដែលចូលចិត្តកីឡាបាល់ទាត់។ ក្រៅពី ស៊ូ យ៉ាទី ក៏មានលោក ប៊ុន ឡេង ដែលជា Content Creator ដ៏ល្បីមួយរូបក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ហើយលោកបានចែករំលែកនូវបទពិសោធន៍ដែលមានតែម្តងក្នុងមួយជីវិតរបស់លោក ទៅកាន់ហ្វេនដែលតាមដានរូបលោកនៅក្នុងបណ្តាញអ៊ីនធឺណិតដ៏ច្រើន ដែលមិនអាចមានវត្តមានដោយផ្ទាល់។

ក្នុងនាមជាអ្នកគាំទ្រកីឡាបាល់ទាត់ពិភពលោក FIFA អស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុន កូកា-កូឡា កំពុងធ្វើឱ្យក្តីសុបិន្តអ្នកគាំទ្រវិស័យបាល់ទាត់រាប់ពាន់នាក់នៅជុំវិញពិភពលោកក្លាយជាការពិត។ ទន្ទឹមនឹងនោះ ការលើកតម្កើងវប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក ក៏ជាផ្នែកសំខាន់មួយនៃដំណើរគោចររបស់ពានបាល់ទាត់ពិភពលោកផងដែរ។ ប្រជាជនកម្ពុជាបានចែករំលែកពីអារម្មណ៍របស់ពួកគាត់ថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានទស្សនាការសម្តែងសិល្បៈវាយស្គរបុរាណខ្មែរ និងរបាំអប្សរា មុនពេលការបើកបង្ហាញឱ្យទស្សនាពានរង្វាន់បាល់ទាត់ពិភពលោក។

លោក ប៊ុន ឡេង បានលើកឡើងថា «ខ្ញុំមិននឹកស្មានថានឹងឃើញការសម្តែងបែបនេះក្នុងព្រឹត្តិការណ៍កីឡាទេ ហើយមានអារម្មណ៍រំភើបណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ហើយពិតជាកោតសរសើរដល់ក្រុមហ៊ុន កូកា-កូឡា និង សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើងនៅក្នុងស្រុកកំណើតរបស់ខ្ញុំ»

អ្នកចូលរួមម្នាក់ម្នាក់ឈ្មោះ ខៃ ចន្ធូ ដែលធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីរង់ចាំនៅខាងក្រៅកីឡដ្ឋាន បានថ្លែងថា «ខ្ញុំមិនអាចទប់អារម្មណ៍រំភើបរបស់ខ្ញុំនៅពេលនេះបានទេ។ ខ្ញុំមានមិត្តពីរនាក់ដែលពួកគេក៏បានមកចូលរួមផងដែរ។ ពួកយើងទាំងអស់គា្នបានមើលកាប្រកួតបាល់ទាត់ជាមួយគ្នាតាំងពីយើងនៅក្មេងៗម្លេះ។ នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយក្នុងឆាកជីវិតរបស់យើង»

បើតាមយុវសិស្សអាយុ ១៦ឆ្នាំម្នាក់ ឈ្មោះ ឡុង ប៊ុនរឿន ដែលជាប្រធានក្រុមបាល់ទាត់នៅវិទ្យាល័យមួយ បាននិយាយថា «ខ្ញុំបានឃើញពាននេះច្រើនដងរួចមកហើយតាមទូរទស្សន៍ វាពិតជាអស្ចារ្យណាស់ក្នុងការឃើញពានពិតនេះដោយភ្នែកផ្ទាល់របស់ខ្ញុំ។ វាជាបំណែកនៃប្រវត្តិសាស្ត្របាល់ទាត់ ខ្ញុំក៏មិនអាចរកពាក្យមកពណ៌នាពីអារម្មណ៍របស់ខ្ញុំឱ្យត្រូវទេ។ វាបានជំរុញចំណង់ចំណូលចិត្តឱ្យកាន់តែស្រឡាញ់កីឡាបាល់ទាត់»