(វីនហឺក)៖ អតីតខ្សែការពារក្លិប Hamburg កីឡាករ Collin Benjamin ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិណាមីប៊ី លើកិច្ចសន្យារយៈពេល៥ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

បុរសវ័យ៤៣ឆ្នាំរូបនេះ ត្រូវបានតែងតាំងជំនួសលោក Bobby Samaria ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន ក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅទីបំផុត ត្រូវបានដកចេញពីតួនាទី បន្ទាប់ពីកាន់ដឹកនាំបាន៣ឆ្នាំ។

លោក Benjamin បានជាប់លេងក្នុងក្រុមជម្រើសជាតិណាមីប៊ី ចំនួន៤១លើក និងជាប្រធានក្រុមកីឡាបាល់ទាត់ប្រទេសរបស់លោកផងដែរ។

កិច្ចការដឹកនាំដំបូងរបស់លោក Benjamin នឹងត្រូវនាំក្រុមណាមីប៊ី ដែលស្ថិតនៅភាគខាងត្បូង នៃទ្វីបអាហ្វ្រិកនេះ ប្រកួតលីគក្នុងតំបន់អាហ្វ្រិកខាងត្បូង Cosafa Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែកក្កដាខាងមុន នៅទីក្រុង Durban របស់ប្រទេសអាហ្វ្រិកខាងត្បូង៕