(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា WhatsApp កំពុងតែបន្ថែមនូវសមត្ថភាពថ្មីបន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ដែលគិតចង់ចាកចេញពីអាណាចក្រ Android នោះនឹងអាចចូលរួមជាមួយ Ecosystem របស់ Apple បាន។ ពោលគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ទេរទិន្នន័យរបស់ WhatsApp ពីប្រព័ន្ធដំណើរការ Android ទៅ iPhone បាន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីបានប្រកាសអំពីការផ្លាស់ប្តូរសំខាន់ៗសម្រាប់ Cloud API នៅឯ Conversations 2022 keynote នោះ លោក Mark Zuckerberg ទើបតែបង្ហាញនៅលើ Facebook នូវមុខងារកំពូលមួយទៀតដែលត្រូវបានស្នើសុំសម្រាប់ WhatsApp នោះគឺសមត្ថភាពក្នុងការផ្ទេរប្រវត្តិជជែករបស់ WhatsApp ពី Android ទៅ iOS។ តែយ៉ាងណាលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយក្នុងការដាក់ដំណើរការនោះឡើយ។

ដោយការអាប់ដេតនេះនឹងជួយដោះស្រាយបញ្ហា WhatsApp ដែលបានអូសបន្លាយជាយូរមកហើយ ដែលវាជាប្រវត្តិសាស្រ្តពិបាកក្នុងការផ្ទេរ Chat រវាងប្រព័ន្ធប្រតិបត្តិការផ្សេងគ្នា។ យ៉ាងណាមិញចំពោះដំណើរការផ្ទេរនេះនឹងដំណើរការតែនៅលើ iPhone ថ្មីឬត្រូវបាន Reset ពីរោងចក្រប៉ុណ្ណោះ ដែលវាបានបង្កើតឡើងរួចជាស្រេចសម្រាប់ប្រើជាមួយមុខងារ App Move to iOS របស់ Apple សម្រាប់ Android (ក្នុងនោះវាបានធ្វើការផ្លាស់ប្តូររួចជាស្រេចរួមមាន Contacts, calendar entries, SMS messages និងមានជាច្រើនទៀត)។

ដោយឡែកសម្រាប់ iPhone Setup វិញអ្នកប្រើប្រាស់អាចជ្រើសរើសជម្រើស «Move data from Android» ជាមុនសិន ហើយបន្ទាប់មកធ្វើតាមជំហានជាបន្តបន្ទាប់នៅក្នុង Android App ជាការស្រេច។ នៅពេលដែល iPhone ត្រូវបាន Setup រួចរាល់ សូមបើក WhatsApp ហើយ Sign In ដោយប្រើលេខទូរស័ព្ទដូចគ្នា ដូច្នេះអ្នកនឹងអាចប្រើប្រាស់បាន។

គួរជម្រាបដែរថា ចំពោះមុខងារនេះអ្នកប្រើប្រាស់ទាំងអស់អាចប្រើបានចាប់ពីប្រព័ន្ធដំណើរការ Android 5 ឡើងទៅចំណែកឯប្រតិបត្តិការ iOS វិញគឺមានចាប់ពី iOS 15.5 ឡើងទៅ៕