(ភ្នំពេញ)៖ នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បានចូលជួបសម្តែងការគួរសមជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីម្តងទៀត របស់ក្រុមហ៊ុន Smart Axiata ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងឌីជីថលរបស់ប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ និងសក្តានុពលនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ក្នុងការពន្លឿន និងពង្រីកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
ភាគីទាំងអស់បានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ការបង្កើនជំនាញឌីជីថល និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ គឺជាមធ្យោបាយដ៏សំខាន់ក្នុងការពង្រឹងចក្ខុវិស័យឌីជីថល របស់ព្រះរាជាណាចក្រកម្ពុជា។

តំណាងក្រុមហ៊ុន Axiata Group Berhad ក៏បានពិភាក្សាលើរបៀបដែលក្រុមហ៊ុនពង្រីកវិសាលភាពឌីជីថលទៅក្នុងសហគមន៍នានាទូទាំងប្រទេសចំនួន ១១ ក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូង ស្របតាមគោលបំណងរបស់ខ្លួនក្នុងការជំរុញសក្ដានុពលក្នុងតំបន់អាស៊ី ខណៈបង្ហាញបំណងប្រាថ្នាដើម្បីប្រើប្រាស់អនុភាពរបស់ខ្លួនក្នុងតំបន់ និងសហការជាមួយក្រសួងក្នុងគោលបំណងផ្លាស់ប្តូរគំនិត ក៏ដូចជាសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលអនាគត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រចាំតំបន់ បានបម្រើសេវាដល់អតិថិជនដែលកំពុងប្រើប្រាស់ទូរសព្ទចល័តចំនួន ១៦៣.១ លាននាក់ និងបានផ្តល់ឱកាសការងារប្រមាណ ៧០០ ០០០ កន្លែងនៅក្នុងតំបន់ផងដែរ។

លើសពីនេះ ក្នុងនាមជាបុត្រសម្ព័ន្ធមួយក្នុងតំបន់របស់ក្រុមហ៊ុន Axiata ការរួមចំណែកចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata ដល់សេដ្ឋកិច្ចកម្ពុជា មានចំនួន ៤១៦ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យ ១,៦ភាគរយនៃផលិតផលជាតិសរុប (GNP) របស់កម្ពុជា ដែលទឹកប្រាក់ជាង ១០០ លានដុល្លារ បានបង់ចូលកាតព្វកិច្ចពន្ធអាករ ហើយទឹកប្រាក់៨០លានដុល្លារបន្ថែមទៀតត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Axiata Group បានរំលឹកឡើងវិញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍តាមរយៈការវិនិយោគផ្ទាល់ និងកម្មវិធីសង្គម។

ក្រុមហ៊ុន Smart Axiata ចំណាយជាង ១ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅក្នុងវិស័យអប់រំ បរិស្ថាន និងនវានុវត្តន៍បច្ចេកវិទ្យា។ តាមរយៈ មូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (មូលនិធិ ស.អ.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីនាំយកកម្មវិធីដែលបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានភាពធន់ ខណៈជួយបំប៉ងជំនាញនិងចំណេះដឹងសំខាន់ៗដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។

តាមរយៈ មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) ក្រុមហ៊ុនក៏បានបង់វិភាគទាន២ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួនពីសេវាចល័ត ដល់គម្រោងនានាជាច្រើនរៀងរាល់ឆ្នាំ ដែលជួយជំរុញការពង្រីក និងធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិតចល័ត និងគុណភាពនៃបណ្តាញ ។

ក្រុមហ៊ុន Smart Axiata គឺជាអ្នកគាំទ្រដំណើរការប្រព័ន្ធអេកូឌីជីថល និងគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការបង្កើតឌីជីថលកម្ពុជា ដោយក្រុមហ៊ុន Smart គាំទ្រយ៉ាងសកម្ម និងបណ្ដុះបណ្ដាលអាជីវកម្មឌីជីថលទើបបង្កើតថ្មី និង សហគ្រិនបច្ចេកវិទ្យារបស់កម្ពុជា ហើយបន្តពង្រីក និងការអភិវឌ្ឍន៍អ្នកដឹកនាំឌីជីថល ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនឌីជីថល របស់ប្រទេសកម្ពុជា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នាពេលខាងមុខ។

ជាកិច្ចចុងក្រោយតំណាងក្រុមហ៊ុន Axiata Group និងតំណាងក្រុមហ៊ុន Smart Axiata បានថ្លែងអំណរគុណដល់ក្រសួង ដែលបន្តការគាំទ្រ និងកិច្ចសហការក្នុងគោលបំណងរួមគ្នា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល របស់កម្ពុជាឆ្ពោះទៅមុខ ខណៈលុបបំបាត់គម្លាតឌីជីថល និងបន្តផ្តល់ស្ថិរភាពនៃបណ្ដាញទំនាក់ទំនង សម្រាប់ប្រជាជនកម្ពុជា៕