(ភ្នំពេញ)៖ យោងតាមតួលេខដែលផ្តល់ដោយក្រុមហ៊ុន Httpool ដែលជាដៃគូលក់ទទួលបានសិទ្ធិប្រចាំប្រទេសកម្ពុជា របស់បណ្តាញទំនាក់ទំនងសង្គម Facebook នៃក្រុមហ៊ុន Meta បានឱ្យដឹងថា ការចំណាយលើប្រតិបត្តិការឌីជីថលមានសរុបជាង ៦០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា។

យោងតាមតួលេខដដែលនេះ ចំនួនប្រតិបត្តិការឌីជីថលបានកើនឡើងទ្វេដងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលបង្ហាញថា ទីផ្សារត្រូវបានរំពឹងថា នឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីគោលបំណង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងប្រព័ន្ធអេកូឌីជីថល ឱ្យក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿជាក់ថា អាជីវកម្មខ្នាតតូច និងមធ្យម (SME) នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងស្ថានភាពដ៏ល្អឥតខ្ចោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារ ដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។

ក្នុងនាមជាដៃគូលក់ដែលទទួលបានសិទ្ធិនៅកម្ពុជា របស់បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុងផ្តល់ដំបូន្មានដល់អាជីវកម្មខ្នាតតូច និងមធ្យមឱ្យ «ត្រៀមលក្ខណៈ» សម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ដែលស្ទើរតែមានមូលដ្ឋានទាំងស្រុង លើប្រព័ន្ធអេកូឌីជីថល។

ទោះជាយ៉ាងណា ដោយសារបច្ចេកវិទ្យាមានភាពច្នៃប្រឌិត និងមានការវិវឌ្ឍស្ទើរតែរាល់ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាជីវកម្ម ស្វែងរកសេវាកម្ម និងដំបូន្មានពីក្រុមហ៊ុនទាំងនោះ ដូចជាក្រុមហ៊ុន Httpool ជាដើម ដែលបានធ្វើឱ្យការបង្កើតទីផ្សារ តាមបណ្តាញសង្គមមានភាពសាមញ្ញ និងបង្កើនផលចំណេញពីការវិនិយោគ (ROI) លើបណ្តាញសង្គមដោយសារជំនាញឯកទេសរបស់ពួកគេ។

យោងតាមក្រុមហ៊ុន Httpool បានឱ្យដឹងថា ផ្អែកលើការស្ទង់មតិមួយ ទៅលើអ្នកឆ្លើយតបចំនួន១៥៥នាក់ ៣,៨ភាគរយនៃប្រជាជនកម្ពុជា ទិញទំនិញតាមអ៊ីនធឺណិត។ ការស្ទង់មតិដដែលនេះ បានរកឃើញថា ៤០ភាគរយនៃការទិញទំនិញតាមអ៊ីនធឺណិត ប្រើប្រាស់បណ្តាញសង្គម Facebook ហើយ ២២ភាគរយប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេសចិនមាន ១៨ភាគរយ។

លើសពីនេះទៀត នៅឆ្នាំ២០២១ អាហារនិងគ្រឿងទេសមានចំណែក ៣០ភាគរយនៃការលក់តាមអនឡាញ បន្ទាប់មកគឺផលិតផលម៉ូដ និងសម្លៀកបំពាក់ដែលមានរហូតដល់ ២៨ភាគរយនៃការលក់។

លោក Matthieu Laporte អនុប្រធានក្រុមហ៊ុន Httpool ទទួលបន្ទុកអាជីវកម្មខ្នាតតូច និងមីក្រូ មានប្រសាសន៍ថា «សេដ្ឋកិច្ចឌីជីថល ដែលស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងរីកចម្រើនលឿនយ៉ាងឆាប់រហ័ស។ សេដ្ឋកិច្ចឌីជីថលបែបនេះនឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់កម្ពុជា ក្នុងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»