(ភ្នំពេញ)៖ ពិព័រណ៍ការងារនេះនឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងបរិវេណអាគារ KAMPUS ដែលមានអាសយដ្ឋាន៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកឱកាសការងារប្រមាណ៣២០០កន្លែង ពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជនសិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ។

ពិព័រណ៍ការងារនេះត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា។

ពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារ តាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ ជួបសម្ភាសផ្ទាល់ ព្រមទាំងទទួលបានការប្រឹក្សាយោបល់អាជីព និងការងារក្នុងការត្រៀមចូលទីផ្សារការងារ។

យុវជន និងអ្នកស្វែងរកការងារសូមកុំភ្លេចចាប់យកឱកាស ការងារពីពិព័រណ៍នេះឲ្យបានទាន់ពេលវេលាដោយចូលរួមទស្សនា, ជួបសួរព័ត៌មានពីដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងរៀបចំប្រវត្តិរូបឲ្យបានច្រើនដើម្បីត្រៀមដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនធំៗជាច្រើន។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕